(កណ្តាល)៖ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល និងដកហូតបានគ្រឿងញៀនមួយកញ្ចប់ធំ។
នគរបាលស្រុកស្អាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ករណីបង្រ្កាបក្រុមជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលដដែលបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឃាង គីណា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ ឃុំនើតហេតុខាងលើ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនឈ្មោះ អ៊ុ តុលា ហៅ យ៉ា ហៅ នី អាយុ៣២ឆ្នាំ ជនជាតិខ្មែ រមានមុខរបរមិនពិតប្រាកដ ទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងនគរបាលបានទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋដោយបានឃើញមុខសញ្ញាទាំង២នាក់ កំពុងជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុបានជួបមុខសញ្ញារួចឃាត់ខ្លួនដើម្បីសាកសួរ។ ភ្លាមនោះឈ្មោះ អ៊ុ តុលា ព្យាយាមរត់គេចខ្លួន បន្ទាប់ពីឃើញមុខសញ្ញាម្នាក់គេចខ្លួនកម្លាំងបានទៅឆែករោងចិញ្ចឹមមាន់របស់ជនសង្ស័យរកឃើញ ថ្នាំញៀន១កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកស្អាងនាំខ្លួនមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕