(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃពុធ ៨រោច ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ «អនុក្រឹត្យស្តីពីការដាក់ឱ្យ ប្រើប្រាស់ស្តង់ដានីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍» នៅក្នុងកម្ពុជា។
សិក្ខាសាលានោះ មានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងអ្នកពាក់ព័ន្ធចំនួន១៦៤នាក់។
សិក្ខាសាលានេះ មានគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារ គម្រោងអភិវឌ្ឍន៍ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈដាក់ចេញនូវវិធានរួមដែលកំណត់ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនៃគោលការណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារនៃការងារដោះស្រាយផលប៉ះពាល់ ក៏ដូចជាការងារធ្វើលទ្ធកម្មដី។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការបែងចែកដោយសមធម៌ នូវផលនៃកំណើន សេដ្ឋកិច្ចដែលកម្ពុជាយើងកំពុងទទួលបាន។ ជាក់ស្តែង, ស្តង់ដានីតិវិធីនេះ ត្រូវបានរៀបចំឡើង សំដៅធានាថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយ សារគម្រោងអភិវឌ្ឍន៍ទាំងអស់ ទទួលបាននូវការយកចិត្តទុកដាក់ និងដោះស្រាយ, ដោយមានការពិគ្រោះយោបល់ត្រឹមត្រូវជាមួយពួកគាត់, ប្រកបដោយភាពសមរម្យ, យុត្តិធម៌, សេចក្តីថ្លៃថ្នូរ ស្របតាមប្រពៃណី និង វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ «ស្តង់ដានីតិវិធី ប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍» នៅថ្ងៃនេះ គឺជាជោគជ័យដ៏ធំថ្មី មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងវិនិយោគសាធារណៈនៅកម្ពុជា។
សូមជម្រាបថា «ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់ការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ដែល ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍» ក្នុងប្រទេសកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល និងប្រកាសឱ្យប្រើដោយអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨៕