(កំពង់ធំ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារបារាយណ៍នេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន ៖ សរសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញភេសជ្ជៈកូកាកូឡា ចំណុះ៦០០ ml ផលិតផលនៅប្រទេសកម្ពុជា ហួសកាលបរិច្ឆេទ។ ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែម នូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕