(ភ្នំពេញ)៖ បុគ្គលម្នាក់ដែលបានក្លែងតួនាទីជាទីប្រឹក្សាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលម្នាក់ បានឆបោកក្រុមអ្នកវិនិយោគជនជាតិថៃ អស់ប្រាក់ជាង២លានដុល្លារ ក្រោមរូបភាពថា យកប្រាក់នេះមកវិនិយោគបើកក្រុមហ៊ុននៅកម្ពុជា។
បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យ ចាប់ខ្លួនក្រោមបទចោទ «មិនបំពេញកាតព្វកិច្ចចមពោះឧបករណ៍អាចជួញដូរបាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ ជនឆបោកខាងលើ បាននិងកំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចបាន និងកំពុងបន្តចាប់ខ្លួន តាមដីកាបញ្ជាឲ្យតាមចាប់ខ្លួនរបស់តុលាការ។
បុគ្គលឆបោកខាងលើនេះ ត្រូវបានគេស្គាល់ថាឈ្មោះ សារិន រ៉ាត់ណាត់ដាណៃ អាយុ៣៦ឆ្នាំ បានធ្វើការឆបោកអ្នកវិនិយោគជនជាតិថៃមួយក្រុម ដែលរស់នៅក្នុងប្រទេសថៃ។ បុគ្គលឆបោកនេះបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលកម្ពុជា ដោយយកលេសថា ស្គាល់អ្នកធំនេះ អ្នកធំនោះ ក្នុងន័យធ្វើយ៉ាងណាឲ្យក្រុមអ្នកវិនិយោគជនជាតិថៃ មានទំនុកចិត្តផ្តល់លុយរហូតដល់ជាង២លានដុល្លារដល់ខ្លួន ដើម្បីអាចមករកស៊ីនៅកម្ពុជា។ ការឆបោកនេះគឺចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៧ ហើយបច្ចុប្បន្នបុគ្គលខាងលើនេះ បានរត់គេចខ្លួនពីប្រទេសកម្ពុជា។
សូមជម្រាបថា បុគ្គលខាងលើនេះធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាអោយចូលខ្លួនចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ទៅបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណី គំរាមថានឹងសម្លាប់ បទបរិហារកេរ្តិ៍ ប្រើប្រាស់ឯកសារក្លែង និងឆបោកប្រាក់ របស់ក្រុមអ្នកវិនិយោគជនជាតិថៃ។
បើតាមអ្នកវិនិយោគជនជាតិថៃ បានឲ្យដឹងថា បុគ្គលខាងលើនេះក៏កំពុងរងពាក្យបណ្តឹងពីអ្នកវិនិយោគជនជាតិថៃផ្សេងនៅប្រទេសថៃ ហើយតុលាការនៅ ប្រទេសថៃ ក៏កំពុងស្វែងរកចាប់ខ្លួនបុគ្គលនេះផងដែរ។
ក្រុមអ្នកវិនិយោគថៃ បានធ្វើការអំពាវនាវដល់សាធារណៈបើសិនជាបានឃើញបុគ្គលរូបនេះ ហើយរាយការណ៍រហូតឈានទៅចាប់បានជនឆបោកខាងលើនេះ ពួកគេនឹងមានការជូនជាសាគុណជាទឹកប្រាក់ ជាច្រើនគួរជាទីគាប់ចិត្ត៕