(ភ្នំពេញ)៖ អគ្គលេខាធិកាអង្គការសហប្រតិបត្តិការឥស្លាម OIC បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការរៀបចំពិធីអាហារស្រាយបួសសាសនិកឥស្លាមកម្ពុជា នៅចុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។
លោក យូសេហ្វ អាល់អូស្ហៃមីន អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម បានបញ្ជាក់នៅក្នុងសារលិខិត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះថា ការរៀបចំពិធីស្រាយបួសប្រចាំឆ្នាំនេះ គឺជានិមិត្តរូប នៃការគោរពដែលមានជាយូរអង្វែងរបស់កម្ពុជា ចំពោះភាពចម្រុះពហុវប្បធម៌ ការអត់ធ្មត់ និងការគោរពទទួលស្គាល់ របស់រាជរដ្ឋាភិបាល ផ្តល់ជូនសហគមន៍មុស្លិម។
អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាមរូបនេះ បានសម្តែងការកោតសរសើរចំពោះ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជំរុញសមាហរណកម្មសន្តិភាព ការរួមរស់ជាមួយគ្នា និងសុខដុមរមនា រវាងប្រជាពលរដ្ឋកម្ពុជា ដែលដើរតួជាគំរូល្អសម្រាប់ប្រទេសក្នុងតំបន់។
លោក យូសេហ្វ អាល់អូស្ហៃមីន បន្ថែមថា លោកសង្ឃឹមរង់ចាំ នូវការពង្រឹងទំនាក់ទំនងរវាង OIC និងកម្ពុជា និងការបង្កើនកិច្ចសហប្រតិបត្តិការ លើបញ្ហាកង្វល់រួម។ ក្នុងស្មារតីនេះ អគ្គលេខាធិការដ្ឋាន នឹងបន្តធ្វើការសំរបសំរួល ជាមួយអាជ្ញាធរកម្ពុជា ទាក់ទងនឹងសមាជិកភាព នៃអ្នកសង្កេតការណ៍នៅក្នុងអង្គការ OIC៕