(ព្រះសីហនុ)៖ យោងតាមសេចក្តីរាយការបឋមពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកត្រីមួយគ្រឿង បានព្រលះគ្នាជាមួយរថយន្តសាំយ៉ុងពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថិច្ចបានបញ្ជាក់ថា រថយន្តធុនធំដឹកត្រី ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខកំពត 3A-0786 និងរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2L-3189 មានទិសដៅពីផ្ទុយគ្នា ខណៈមកដល់កន្លែងកើតហេតុ រថយន្តដឹកត្រីបានបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្តតួរីសពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់ (ស្រី២នាក់, ក្មេងតូចម្នាក់) ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់។
ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា កើតឡើងពេលដែលរថយន្តដឹកត្រីទិសដៅចូលទៅក្រុងព្រះសីហនុ បំរុងបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្តតួរីសដឹកអ្នកដំណើរ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ទើបបណ្តាលឲ្យកើតមានហេតុការដូចនេះតែម្តង៕