(ភ្នំពេញ)៖ លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស ចំនួន១,០០០រូប នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។

លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជា បានផ្សារភ្ជាប់នឹងសង្គម។ ក្រសួងធម្មការ បានបណ្តុះបណ្តាលអាចារ្យ-អាចារិនី ឲ្យប្រកាន់ភ្ជាប់នូវ សីលធម៌ វប្បធម៌ ប្រពៃណី ដើម្បីមានសមត្ថភាព ធ្វើជាអាចារ្យ-អាចារិនី ឲ្យស្របទៅតាមក្បួនច្បាប់តាមតំបន់នីមួយៗ នៅទៅទាំងប្រទេសចំនួន២៨វគ្គ និងមានសិក្សាកាម ជាអាចារ្យ-អាចារិនី មកពីខេត្ត-រាជធានី ទូទាំងប្រទេស មានចំនួន៩,២០៦ អង្គ/នាក់ ចូលមកសិក្សារួចមកហើយ។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងថា ក្នុងន័យនេះ បានបង្ហាញថា យើងតែងបានយកចិត្តទុកដាក់ អនុវត្តតាមគ្រប់មធ្យោបាយ ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ និងសាសនារបស់ជាតិយើង។ តែទោះបីជាយ៉ាងណា ក្រសួងធម្មការ នៅតែបន្តបើកវគ្គបណ្តុះបណ្តាលអាចារ្យ-អាចារិនី ដើម្បីស្របទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទាំងប្រទេស។

នាឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ការលើកស្ទួយវប្បធម៌ តាមរយៈការបណ្តុះបណ្តាលអាចារ្យ-អាចារិនី ដើម្បីពង្រឹងវប្បធម៌ប្រពៃណីខ្មែរ ឲ្យមានគោលដៅ តែមួយទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន កន្លងមកសម្តេចតែងតែឲ្យតម្លៃខ្លាំងណាស់ ក្នុងពង្រឹងសមត្ថភាពដល់អាចារ្យ-អាចារិនី ដើម្បីពង្រឹងទំនៀមទំលាប់ រក្សាប្រពៃណីខ្មែរឲ្យបានគង់វង្ស និងបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យ-អាចារិនី។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឲ្យ ដែលមានបង្កប់នូវមេត្តា ករុណា បុតិតា ដែលបានធ្វើឲ្យកម្ពុជា មានវប្បធម៌រ៉ុងរឿងរហូតមក លើកលែងដែរសម័យប៉ុលពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តួនាទីអាចារ្យ-អាចារិនី មានសារៈសំខាន់ណាស់ នៅសម័យតេជោសែន ដែលបានថែរក្សាសន្តិភាព ស្ថេរភាព និងមានការរីកចំរើនគ្រប់វិស័យ។ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិមានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋមានសេរីភាពប្រតិបត្តិជំនឿសាសនា ដែលពេញចិត្ត។

លោកស្រីថា កម្ពុជា គឺជាប្រទេសមានវប្បធម៌អរិយធម៌សំបូរបែបក្នុងអាស៊ី ហើយបានបង្កប់នូវអត្ថន័យ និងការអប់រំយ៉ាងជ្រាលជ្រៅ ដូច្នេះចាំបាច់ត្រូវការអ្នកចេះដឹង គឺអាចារ្យជាអ្នកដឹកនាំពិធីសាសនានីមួយៗ ស្របតាមក្បួនច្បាប់បូរាណ ហើយស្របគ្នាពីតំបន់មួយទៅតំបន់មួយទៀត។

ជាមួយគ្នានោះ លោកស្រី បានស្នើដល់អាចារ្យ-អាចារិនី រួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរ ឲ្យបានគង់វង្សនូវសាសនា ប្រពៃណីទំនៀមទំលាប់ និងការអភិវឌ្ឍន៍គ្រប់វិស័យ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពអាចារ្យ អាចារិនី ទៅទូទាំងប្រទេស ដែលអនុវត្តការងារដោយក្រសួងធម្មការ និងសាសនា រួមចំណែកអប់រំសីលធម៌ ដល់យុវជនកុមារ និងប្រជាជនទាំងអស់មានសីលធម៌ សុជីវធម៌ល្អ ប្រឆាំងការរើសអើងផ្នែកសាសនា។

លោកស្រី បានថ្លែងថា នេះគឺជាជួបជុំប្រចាំឆ្នាំ របស់អាចារ្យ និងអាចារិនីទូទាំងប្រទេស ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោល ដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹង លើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែម ដល់អាចារ្យ និងអាចារិនីទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលពី សមាគមអាចារ្យខ្មែរ។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់អាចារ្យ អាចារិនី ត្រូវយកចិត្តទុកដាក់ និងគោរពប្រតិបត្តិទៅតាមទំនៀមទម្លាប់ និងជំនឿនៅតាមតំបន់មួយចំនួន ដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរនៅប្រតិបត្តិតាមនៅឡើយ ជាពិសេសមិនត្រូវចាប់បង្ខំគេ ឲ្យគោរពតាមខ្លួនទាំងស្រុងនោះទេ។

លោកស្រីបានលើកឡើងថា សម្ដេចតេជោបានលើកទឹកចិត្ត និងជំរុញដល់អាចារ្យ-អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រងឯកសារ គម្ពីរទាំងឡាយទាក់ទងនិងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ ក្មេងជំនាន់ក្រោយក៏ដូចជា សម្រាប់ជាកេរ្តិ៍ដំណែល និងជាមរតកជាតិ និងសម្រាប់ផ្សព្វផ្សាយ។ បុព្វបុរសយើង បានបន្សល់ទុកឲ្យយើងនូវមរតកដ៏មានតម្លៃជាច្រើន ផ្នែកសាសនា វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដែលធ្វើឲ្យពិភពលោកមានការស្ងើចសរសើរ និងទទួលស្គាល់ស្នាដៃរបស់ខ្មែរយើង។ ដូច្នេះការដែលយើង ទាំងអស់គ្នា អនុវត្តនូវពិធីផ្សេងៗ មានការខុសឆ្គងផ្ទុយពីក្បួនច្បាប់ពីបុរាណ គឺជាការធ្វើឲ្យបាត់បង់នូវតម្លៃ និងអត្តសញ្ញាណរបស់ជាតិខ្លួន៕