(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានថ្លែងថា ការអំពាវនាវកុំឱ្យប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតរបស់ «ក្រុមដេកផ្ទះឈ្នះឯង» គឺជាការប្រឆាំងនឹងព្រះមហាក្សត្រ ជាម្ចាស់ផែនដី មិនមែនជាការប្រឆាំងជាមួយសម្តេច ឬគណបក្សនយោបាយណាមួយ នោះឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយផ្សព្វផ្សាយទូលំទូលាយ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ដោយព្រះអង្គបានមានព្រះបន្ទូលអំពាវនាវ ឱ្យជនរួមជាតិខ្មែរទាំងអស់ ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការចេញ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រខ្មែរ ក៏បានធ្វើឡើងស្របពេលដែល លោក សម រង្ស៊ី និងក្រុមប្រឆាំងមួយចំនួន អំពាវនាវតាមរយៈបណ្តាញសង្គម Facebook កុំឱ្យប្រជាពលរដ្ឋទៅ បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាការបោះឆ្នោតសកលដ៏សំខាន់មួយ ក្នុងរយៈពេល៥ឆ្នាំម្តង ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំប្រទេស។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបចំនួន ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមអំពាវនាវ កុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ គឺជាក្រុមប្រឆាំងនឹងព្រះប្រមុខរដ្ឋ ហើយចាត់ទុកព្រះរាជសារដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការទះកំផ្លៀងយ៉ាងធ្ងន់ធ្ងរលើ លោក សម រង្ស៊ី និងក្រុមប្រឆាំង។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ព្រះមហាក្សត្រអំពាវនាវ តាមព្រះរាជសារ ឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បើគេ(ក្រុមប្រឆាំង) អំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺច្បាស់ណាស់ថា នេះជាការប្រឆាំងនឹងព្រះមហាក្សត្រតែម្តង មិនមែនប្រឆាំងរដ្ឋាភិបាល ហ៊ុន សែន ទេឬប្រឆាំងនឹងគណបក្សនយោបាយទាំង២០នោះទេ គឺប្រឆាំងនឹងស្តេចផែនដីតែម្តង អ្នកឯងត្រូវចាំអ្នកឯងត្រូវ១កំផ្លៀងធ្ងន់ធ្ងរណាស់ តាមព្រះរាជសារមួយនេះ។ បើអ្នកឯងបំពានព្រះមហាក្សត្រ ថ្ងៃក្រោយអ្នកឯងបំពានអ្វីក៏បានដែរ»។
កាលពីពេលកន្លងទៅ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងជាប់ពិរុទ្ធក្នុងសំណុំរឿងជាច្រើននោះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ «ដេកផ្ទះ» កុំទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះឱ្យសោះ ដោយលោករំពឹងថា ការមិនទៅចូលរួមបោះឆ្នោតមានអត្រាភាគរយច្រើននោះ នឹងធ្វើឱ្យលោកទទួលបានជ័យជំនះផ្នែកនយោបាយ។ ក្រៅពីការអំពាវនាវនេះ លោក សម រង្ស៊ី ក៏បានធ្វើសារមួយថ្វាយព្រះមហាក្សត្រ ដើម្បីកុំឱ្យព្រះអង្គអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតនេះផងដែរ ដោយសារតែអតីតគណបក្សសង្រ្គោះជាតិរបស់លោក មិនបានចូលរួមប្រកួតប្រជែង។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះតម្រិះឃើញថា ការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតដ៏សំខាន់។ ព្រះអង្គបានមានព្រះបន្ទូលថា៖ «ជនរូបជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តចំអកដល់ក្រុមអ្នកប្រឆាំង ជាពិសេស លោក សម រង្ស៊ី ដែលបានដាក់ចេញទ្រឹស្តី «ដេកផ្ទះឈ្នះឯង» ដើម្បីឱ្យប្រជាពលរដ្ឋដេកផ្ទះនោះក្រុមប្រឆាំង នឹងទទួលបានជ័យជំនះ។ សម្តេចបានអះអាងថា នៅលើលោកនេះ គ្មាននរណាដែលនៅស្ងៀមហើយជោគជ័យនោះទេ។
សម្តេចបានបញ្ជាក់ថា «ឥឡូវខ្ញុំកំពុងរង់ចាំមើល របស់ដែលហៅថា “ដេកផ្ទះឈ្នះឯង” វាមិនដែលម៉ែអាណាដេកផ្ទះឈ្នះឯងទេវើយ សូម្បីតែរកអង្ករច្រកឆ្នាំងក៏រកមិនបានផង វាទាល់តែទៅធ្វើការទើបបានអង្ករច្រកឆ្នាំង វាមិនដែលបង្កើតទ្រឹស្តីម៉ែអាណា “ដេកផ្ទះឈ្នះឯង” គេសំដៅលើសិទ្ធិពលរដ្ឋដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ប៉ុន្តែខ្ញុំរង់ចាំមើលតើគេប្រឆាំង តើគេប្រឆាំងចំពោះព្រះមហាក្សត្រឬយ៉ាងម៉េច?»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តទៀតថា លោក សម រង្ស៊ី និងក្រុមប្រឆាំង បានប្រឆាំងចំពោះគណបក្សនយោបាយនានា ដោយចោទគណបក្សនយោបាយ ជាបក្សអាបបក្សអំពិលអំពែក បក្សរណបជើងគ្រែ រហូតដល់មេគណបក្សទាំងអស់ទ្រាំមិនបានឆ្លើយតបជាបន្តបន្ទាប់។ បើក្រុមប្រឆាំងនេះ ចេញមុខប្រឆាំងនឹងព្រះរាជសារទៀតនោះ នេះគឺជាទោសពានវាំង ដែលថ្ងៃណាមួយ គេក៏ហ៊ានបំផ្លាញដល់របបរាជានិយមអាស្រ័យធម្មនុញ្ញ និងផ្តួលរំលំរាជបល្ល័ង្គផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋយកចិត្តដាក់ចំពោះព្រះរាជអំពាវនាវរបស់ព្រះមហាក្សត្រ និងតាមដានសកម្មភាពរបស់ក្រុមអ្នកប្រឆាំង។ សម្តេចតេជោបានថ្លែងបន្តថា បើក្រុមប្រឆាំងងុបងុលទាំងនេះ មានចេតនាបង្កសង្រ្គាម បំផ្លាញសន្តិភាព និងបំផ្លាញរបបរាជានិយម ព្រោះគេហ៊ានបំពានព្រះមហាក្សត្រ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចប្តេជ្ញាការពារមិនឱ្យក្រុមប្រឆាំងទាំងនោះបំផ្លាញកម្ពុជាបានឡើយ៕