(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានខ្លឹមសារថា ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីសោមនស្សរីករាយដោយបានចូលក្រាបបង្គំគាល់ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលចម្រើនព្រះជន្មវស្សាគម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា និងបានទទួល ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដម ចំនួន ៦,០០០ដុល្លារអាមេរិក ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី ២ (ខែកក្កដា ដល់ខែធ្នូ) ឆ្នាំ២០១៨ នេះ ក្នុងឱកាសដែល ខ្ញុំម្ចាស់ បានដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨ នេះ។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភជារៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ ខ្ញុំម្ចាស់ និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សម្រាប់ជួយសង្រ្គោះប្រជានុរាស្រ្តក្រីក្រ និងប្រជារាស្រ្តដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំ២០១៨ នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្រ្តជាកូន ចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ ៕