(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងថា ព្រះរាជសារព្រះមហាក្សត្រ ដែលព្រះអង្គបានមានបន្ទូលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដា ខាងមុខនេះ គឺជាសារដ៏កម្រ និងដ៏មានតម្លៃដល់ប្រជារាស្រ្តខ្មែរគ្រប់រូប។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ជាខ្ញុំសូមគាំទ្រនូវព្រះរាជតម្រិះរបស់ព្រះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់បានព្រះរាជទាននូវព្រះរាជសារដ៏កម្រ និងដ៏មានតម្លៃដល់ប្រជានុរាស្រ្តខ្មែរគ្រប់រូប ឲ្យទៅបោះឆ្នោតនៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ទួលព្រះបង្គំជាខ្ញុំ សូមដង្ហែតាមនូវព្រះរាជតម្រិះ របស់ព្រះអង្គជានិច្ចនិរន្ត»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយទើបនឹងផ្សព្វផ្សាយទូលំទូលាយនៅពេលនេះ ដោយព្រះអង្គបានមានព្រះបន្ទូលអំពាវនាវ ឱ្យជនរួមជាតិខ្មែរទាំងអស់ ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ជនរូបជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ៕