(កំពង់ឆ្នាំង)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការចាប់ផ្តើម គិតគូរជនមានពិការភាព ពីពេលនេះ គឺជាការវិនិយោគសម្រាប់ខ្លួនឯងសម្រាប់ពេលអនាគត។ លោក ឯម ច័ន្ទមករា បន្តថា សាធារណជនទូទៅ គួរបើកចិត្តឱ្យបានទូលាយ ដើម្បីជួយលើកស្ទួយកម្រិតជីវភាព និងសិទ្ធិជនមានពិការភាព ដើម្បីបង្កើន ធនធាតុមនុស្ស បន្ថែមសម្រាប់កម្ពុជា។
លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់នៅក្នុងវិស័យទេសចរណ៍» ដែលរៀបចំធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមាន ការចូលរួមពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក ម៉ម វាសនា អគ្គលេខាធិការងរដ្ឋបាល ហិរញ្ញាវត្ថុ តំណាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
សិក្ខាសាលារៀបចំដោយ មានការសហការរវាងក្រសួងសង្គមកិច្ច, ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ សហការណ៍ជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងម្ចាស់អាជីវករ សហគ្រាស សណ្ឋាគារ និងផ្ទះសំណាក់ រៀបចំសិក្ខាសាលានេះ ក្នុងគោលដៅ ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនជីវភាពការងារ និងអាជីពសម្រាប់ជនមានពិការភាព ដើម្បីបង្កើនជីវភាពរស់នៅសមរម្យនិងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍។
លើកឡើងនៅក្នុងសិក្ខាសាលានោះ លោក ម៉ម វាសនា អគ្គលេខាធិការងរដ្ឋបាល ហិរញ្ញាវត្ថុ តំណាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្ត ចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។
ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ទីរសង្គមកិច្ច ត្រូវចេញលិខិត ឲ្យម្ចាស់សណ្ឋានគារ ភោជនីយដ្ឋានអនុវត្តច្បាប់ជនមានពិការភាព។ក្រៅពីនោះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានជំរុញឲ្យមន្ទីរទេសចរណ៍ រៀបចំអនុវត្តបទដ្ឋានគតិយុត្តិនានា ជួយដល់ជនមានពិការភាព ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ជនមានពិការភាព នៅតាមដងផ្លូវ និងអាចបង្កលក្ខណៈងាយស្រួលផ្សេងៗ៕