(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានស្នើដល់មន្ត្រីក្រោមឱវាទទាំងនៅរដ្ឋបាលកណ្ដាល និងនៅតាមមន្ទីរទាំង២៥រាជធានី-ខេត្តថា ប្រសិនបើមានបញ្ហាប្រឈមនៅក្នុងដំណើរការអនុវត្តការចំណាយថវិកា ត្រូវសុំពិគ្រោះយោបល់ផ្ទាល់ជាមួយថ្នាក់ដឹកនាំ ឬក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬអង្គភាពពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការសមស្រប។

ការណែនាំនេះ ត្រូវបានធ្វើឡើងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី ការកត់ត្រាចំណាត់ថ្នាក់ទាំង៧នៃមាតិកាថវិកា និងការអនុវត្តមាតិកាថវិកាថ្មី និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាជូនមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក សុង តុងហាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។

លោកអនុរដ្ឋលេខាធិការបានឱ្យដឹងថា ការចាប់ផ្តើមអនុវត្តដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ កន្លងមកនេះ។ ក្នុងនោះការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញបាន ត្រូវពង្រីកទៅដល់ក្រសួង-ស្ថាប័នចំនួន៣បន្ថែមទៀត នៅឆ្នាំ២០១៨នេះ ដែលធ្វើឱ្យក្រសួងស្ថាប័នទាំង៣៩ របស់រាជរដ្ឋាភិបាលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីទាំងអស់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ សំដៅឈានទៅបង្កើននូវការផ្សារភ្ជាប់ រវាងថវិកាទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមទិសដៅយុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ឆ្នាំ២០១៨-២០២៥ ។

លោកថា វគ្គបណ្ដុះបណ្ដាលដែលបានរៀបចំឡើងនាពេលនេះ គឺត្រូវបានរៀបចំឡើងទាន់ពេលវេលា និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ក្រសួងទេសចរណ៍ផ្ទាល់ ពិសេសវគ្គបណ្ដុះបណ្ដាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការឈានទៅសម្រេចទិសដៅ ជាយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ក៏ដូចជាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ លោកបានឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅប្រើប្រាស់ ក្នុងអង្គភាពការងារជាក់ស្តែងរបស់ខ្លួន និងសូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់សហសេវឹកនៅតាមអង្គភាពរៀងៗខ្លួន។

លោក សុង តុងហាប់ បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើមានបញ្ហាប្រឈម នៅក្នុងដំណើរការអនុវត្តការចំណាយថវិកា ដើម្បីជៀសវាងការរាំងស្ទះដល់ដំណើរការការអនុវត្តការងាររបស់អង្គភាពទាំងមូល សូមរួសរាន់រកដំណោះស្រាយជាបន្ទាន់ តាមរយៈការសុំពិគ្រោះយោបល់ផ្ទាល់ជាមួយថ្នាក់ដឹកនាំ ឬក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍ ឬអង្គភាពពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការសមស្រប»

លោកក៏បានលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងទេសចរណ៍ សូមបន្តកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលថែមទៀត ជូនដល់មន្រ្តីរាជការនៅរដ្ឋបាលកណ្តាល និងមន្រ្តីមន្ទីរទេសចរណ៍រាជធានី-ខេត្ត នៃក្រសួងទេសចរណ៍៕