(កំពង់ធំ)៖ ភរិយាអតីតយុទ្ធជនពលីម្នាក់ ដែលកំពុងរស់នៅក្នុងស្ថានភាពជីវភាពជាស្ត្រីមេម៉ាយមានការលំបាកក្នុងជីវភាពហើយនោះ ស្រាប់តែត្រូវជួបគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះថែមទៀត។ តែទោះជាយ៉ាងណាក្រោមការយកចិត្តទុកដាក់ពីសមាគមអតីតយុទ្ធជនកម្ពុជានោះ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះសាងសង់ផ្ទះជូនស្ត្រីមេម៉ាយរូបនេះ។
ស្រ្តីភរិយាអតីតយុទ្ធជនពលី ហើយជួបគ្រោះភ្លើងឆេះផ្ទះនេះ មានឈ្មោះ ហែម សាវ៉ុន ភរិយាយុទ្ធជនពលីឈ្មោះ ជាប ហុកគៀន អតីតមេបញ្ជាការរងវរសនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ក្នុងសម័យរដ្ឋកម្ពុជា។ លោក សោម ស៊ុន បានឲ្យដឹងថា ការចុះសាងសង់ផ្ទះជូនស្ត្រីរងគ្រោះបានធ្វើឡើងភ្លាមៗតាមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
អ្នកស្រី ហែម សាវ៉ុន ដែលមានកូនក្នុងបន្ទុកចំនួន ៦នាក់ បានក្តីត្រេកអរ និងរីករាយជាខ្លាំងចំពោះការជ្រោមជ្រែងជួយសាងសង់ផ្ទះពីសមាគមអតីតយុទ្ធជនកម្ពុជា និងបានគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។
ក្រៅពីបង្ហាញការដឹងគុណចំពោះការគិតគូរបស់សម្តេចតេជោ និងសមាគមអតីតយុទ្ធជនហើយ អ្នកស្រី ហែម សាវ៉ុន ក៏បានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ដើម្បីបន្តដឹកនាំប្រទេស រក្សាបានសន្តិភាព និងការអភិវឌ្ឍ៕