(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។ ពិធីសំណេះសំណាលនឹងធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យ Fresh News ដឹងថា ជំនួបនៅថ្ងៃស្អែកគឺជាជំនួបលើកទី៤៤ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ក្នុងជំនួប ៤៤លើកនេះ មានកម្មករ និយោជិតសរុបជាង ៥៦ម៉ឺននាក់ បានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ មកពីស្រុកជើងព្រៃចំនួន៧ និងស្រុកបាធាយចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៦, កាណាដាចំនួន១ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង៨នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៥, ផលិតស្រោមដៃចំនួន១ និងផលិតការ៉ុងចំនួន១។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសរំលេចផងដែរថា ខេត្តកំពង់ចាម ក៏ជាខេត្តមួយដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីអតីតកាលផងដែរ តែបច្ចុប្បន្នបានប្រែក្លាយទៅខេត្តមានការអភិវឌ្ឍខាងវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្មផងដែរ។ មកដល់បច្ចុប្បន្នខេត្តកំពង់ចាម មានសហគ្រាស គ្រឹះស្ថានចំនួន ៤០០ មានកម្មករ និយោជិត ៣៥,៤៦០នាក់ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៤ មានកម្មករនិយោជិតចំនួន ២៥,៧៧១នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៥២លានដុល្លារក្នុងមួយឆ្នាំ។
បើតាមលោក អ៉ិត សំហេង ការអភិវឌ្ឍតំបន់ឧស្សាហកម្មក្នុងខេត្តកំពង់ចាម គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តកំពង់ចាម ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា គោលនយោបាយពង្រាយរោងចក្រ សហគ្រាសទៅតាមបណ្តាខេត្ត គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីនយោបាយពង្រាយសាលារៀនទៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ខិតការងារទៅកៀកកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ។
ខេត្តកំពង់ចាម គឺជាខេត្តទី៥ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បន្ទាប់ពីខេត្តកណ្តាល, ស្វាយរៀង, ព្រះសីហនុ និងកំពង់ស្ពឺ៕