(ភ្នំពេញ)៖ តមតាមសំណើរបស់ក្រសួងព័ត៌មានកម្ពុជា រដ្ឋាភិបាលវៀតណាម បានផ្តល់ម៉ាស៊ីនផ្សាយទូរទស្សន៍៣គ្រឿងបន្ថែមទៀត ដល់ក្រសួងព័ត៌មានកម្ពុជា ហើយបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
ពិធីប្រគល់ និងទទួលម៉ាស៊ីនផ្សាយទូរទស្សន៍ថ្មីទាំង ៣គ្រឿងនេះ ធ្វើឡើងក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាអ្នកទទួលពីភាគីវៀតណាម ហើយប្រគល់បន្តដល់មន្ទីរព័ត៌មានខេត្តចំនួន៣ រួមមាន៖ មន្ទីរព័ត៌មានខេត្តបន្ទាយ មានជ័យ មន្ទីរព័ត៌មានខេត្តបាត់ដំបង និងមន្ទីរព័ត៌មានខេត្តព្រះស៊ីហនុ។
លោក តូច សារ៉េត ប្រតិភូរាជរដ្ឋភិបាលកម្ពុជា ទទួលបន្ទុកគ្រប់គ្រងស្ថានីយ៍វិទ្យុFM ជាតិ៩៦ មេហ្គាហឺត និងខេត្ត រាជធានីទូទាំងប្រទេស បានឲ្យដឹងថា ម៉ាស៊ីនផ្សាយទូរទស្សន៍ថ្មីទាំង៣គ្រឿងនេះ គឺជាការស្នើសុំរបស់ក្រសួងព័ត៌មានកម្ពុជា កាលពីកិច្ចប្រជុំគណះកម្មាធិការចម្រុះវៀតណាម-កម្ជុជា កាលពីអំឡុងឆ្នាំ២០១៧ ដោយភាគីវៀតណាម បានសម្រេចប្រគល់ជូនចំនួន ៥គ្រឿង។ ក្នុងនោះ ២គ្រឿងមុនបានយកមកដំឡើងផ្សាយ នៅមន្ទីរព័ត៌មានកំពង់ចាម និង ខេត្តស្វាយរៀង រួចរាល់ហើយ។
ចំពោះម៉ាស៊ីនផ្សាយថ្មីទាំង ៣គ្រឿងថ្មីនេះ នឹងត្រូវយកទៅដំឡើងរៀបចំការផ្សាយនៅខេត្តចំនួន៣ទៀត គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះស៊ីហនុ នាពេលខាងមុខ ដោយក្រុមបច្ចេកទេសវៀតណាម។ ម៉ាស៊ីនផ្សាយទូរទស្សន៍ថ្មីទាំង៥គ្រឿង ជា អំណោយរបស់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម VOV ផ្តល់ដល់ក្រសួងព័ត៌មាន គឺក្នុងម៉ាស៊ីនផ្សាយ១គ្រឿងមានកម្លាំងផ្សាយ ៥គីឡូវ៉ាត់។ ក្រៅពីផ្តល់ជាម៉ាស៊ីនផ្សាយទូរទស្សន៍នេះ វិទ្យុសំឡេងវៀតណាម VOV ក៏បានផ្តល់ជា កាមមេរ៉ាវីដេអូថ្មីចំនួន ១៥គ្រឿងបន្ថែមទៀត ដោយបែងចែកដល់មន្ទីរព័ត៌មានទាំង៥ ដែលមានទូរទស្សន៍ក្នុង ១មន្ទីរ ទទួលបាន ៣គ្រឿង ដើម្បីទុកថត និងយកព័ត៌មាន។
លោក តូច សារ៉េត បានបញ្ជាក់រំលឹកឡើងវិញដែរថា ចាប់តាំងពីឆ្នាំ ២០០៨មក រដ្ឋាភិបាលវៀតណាម តាមរយះវិទ្យុសំឡេងវៀតណាម VOV បានផ្តល់អំណោយក្រៅពីម៉ាស៊ីនផ្សាយទូរទស្សន៍ទាំង៥គ្រឿងនេះ ក៏បានផ្តល់ជាម៉ាស៊ីនផ្សាយវិទ្យុថ្មី ចំនួន ១៩ គ្រឿង ដោយក្នុង ១គ្រឿងមានកម្លាំងការផ្សាយ ២គីឡូវ៉ាត់ ហើយបានដំឡើងជាបន្តបន្ទាប់ និងផ្សាយរួច នៅក្នុងខេត្តចំនួន១៩ ទូទាំងប្រទេសកម្ពុជា ។
ក្នុងឱកាសទទួលម៉ាស៊ីនផ្សាយទូរទស្សន៍នាមន្ទីរព័ត៌មានខេត្តស្វាយរៀង លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអរគុណរដ្ឋាភិបាលវៀតណាម ក៏ដូចជាវិទ្យុសំឡេងវៀតណាម VOV ដែលបានគាំទ្រជួយឧបត្ថម្ភជាសម្ភារៈច្ចេកទេស ម៉ាស៊ីនផ្សាយវិទ្យុ និង ទូរទស្សន៍ជាច្រើនគ្រឿង ដល់ក្រសួងព័ត៌មាន ដើម្បីយកទៅបំពាក់នៅតាមបណ្តាខេត្តនានាទូទាំប្រទេស។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អំណោយជាសម្ភារៈ និងម៉ាស៊ីនផ្សាយវិទ្យុ និងទូរទស្សន៍របស់វៀតណាម ផ្តល់មកជាបន្តបន្ទាប់មកនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា ហើយក៏ជាការស្របទៅ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការពង្រឹងពង្រីកវិសាលភាព នៃការផ្សព្វផ្សាយរបស់ជាតិឲ្យកាន់តែទូលំទូលាយថែមទៀត។
បើតាមលោករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ ក្នុងចំណោមខេត្ត រាជធានី ទាំង២៥ ខេត្តដែលមានស្ថានីយ៍វិទ្យុជាតិ FM សរុបចំនួន ២៣ស្ថានីយ៍ក្នុងនោះវិទ្យុ ជាអំណោយរបស់វៀតណាម មានចំនួន ១៩ខេត្ត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានអញ្ជើញចូលពិនិត្យមើលដំណើរការសាងសង់អគាររដ្ឋបាល មន្ទីរព័ត៌មានខេត្តស្វាយរៀង ដែលបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៨ ហើយ គ្រោងបញ្ចប់រួចរាល់ជាដំណាក់កាលនៅពេលខាងមុខ។
ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មាន ខេត្តស្វាយរៀង ដោយក្នុងនោះលោកបានជំរុញលើកទឹកចិត្តដល់មន្រ្តី ថ្នាក់ដឹកនាំ ទាំងអស់ត្រូវបន្តរួមសហការ សាមគ្គីគ្នា បំពេញរាល់ភារៈកិច្ចតាមជំនាញ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរជាងមុនបន្តទៀត៕