(ព្រះវិហារ)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសមយ័សង្គ្រាមចំនួន២១គ្រាប់ ត្រូវបានរុករកឃើញក្នុងស្រែប្រជាពលរដ្ឋ ដោយក្រុមអង្កការដោះមីនកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថកិច្ចនគរបាល។ ការរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ កើតមានឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជយ័សែន ខេត្តព្រះវិហារ។
មន្ត្រីអង្កកាដោះមីនកម្ពុជា បាននិយាយថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ក្រោយទទួលព័ត៌មានពីនគរបាលស្រុកជ័យសែន ដែលគាត់បានទទួលសេចក្តីរាយការណ៍បន្តពីពលរដ្ឋ។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមបច្ចេកទេសដោះមីន បានធ្វើដំណើរទៅទីតាំងខាងលើ ហើយក៏ធ្វើសកម្មភាពរាវរកឃើញ និងយកមករក្សាទុក ដើម្បីទុកកម្ទេចចោល។
មន្ត្រីអង្កការដោះមីន បានឲ្យដឹងទៀតថា ក្រោយការរាវរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលកប់នៅក្នុងដីរួចមក ជាលទ្ធផល យើងរាវរកបានគ្រាប់ចំនួន២១គ្រាប់ ក្នុងនោះ មានគ្រាប់ DK82 ចំនួន៥គ្រាប់ និងគ្រាប់៨២ចំនួន១៦គ្រាប់ផងដែរ ហើយក៏បានធ្វើពិធីកម្ទេចគ្រាប់ទាំងនេះ ចោលតែម្តង៕