(ភ្នំពេញ)៖ លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា តម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ មានប្រហែលជា៨៥,០០០ប្លោក ខណៈនៅឆ្នាំ២០១៧ មានត្រឹម៧៥,០០០ប្លោក។
ជាមួយនឹងតម្រូវការឈាមនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ចូលរួមបរិច្ចាគឈាមឲ្យគ្រប់ៗគ្នា ដើម្បីយកឈាមដែលបរិច្ចាគទាំងនោះ ទៅជួយសង្គ្រោះអ្នកជំងឺនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។
ការថ្លែងបញ្ជាក់របស់លោក ហុក គឹមចេង យ៉ាងដូច្នេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងកម្មវិធី «ទឹកចិត្តមនុស្សធម៌» ដែលបានរៀបចំឡើងដោយ «មន្ទីរពេទ្យជោរៃភ្នំពេញ» ដែលមាន៣ស្ថាប័នឯកជន ចូលរួមបរិច្ចាគឈាម។
លោក ហុក គឹមចេង បញ្ជាក់ថា «បើតាមការប៉ានស្មាន នៅឆ្នាំ២០១៨នេះ តម្រូវការឈាមមានប្រមាណជាង៨៥,០០០ពាន់ប្លោក សម្រាប់ជួយដល់អ្នកជំងឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវការឈាមដែលសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០១៧ យើងទទួលបានអំណោយឈាម ក៏ដូចជាការផ្គត់ផ្គង់ឈាមមាន៧៥០០០ប្លោក»។
លោកបន្តថា ដោយសារតែនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ក៏ដូចជាបច្ចេកវិទ្យា នៅក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យ រួមនឹងគ្រោះថ្នាក់ចរាចរណ៍ គឺមានការវិវត្តន៍ទៅមុខ ហើយអ្នកជំងឺក៏មានការកើតឡើងផងដែរ ហេតុដូច្នេះហើយទើបសេចក្តីត្រូវ ការឈាមមានការកើនឡើងជាងឆ្នាំមុន។
លើសពីនេះ លោកក៏បានបញ្ជាក់បន្ថែមថា គិតត្រឹម៥ខែនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ទទួលបានអំណោយឈាម និងផ្គត់ផ្តង់ឈាមទៅដល់គ្រប់មន្ទីរពេទ្យទាំងអស់ បានរហូតដល់៣៥,០០០ប្លោកហើយនៅទូទាំងប្រទេស ហើយមានសន្ទុះកើនឡើងជាងឆ្នាំ២០១៧ ពី១៥ ទៅ២០ភាគរយ។
លោក ស៊ិន សុកុមុទ អនុប្រធានមន្ទីពេទ្យជោរៃភ្នំពេញ លើកឡើងថា «នេះជាលើកទី៤ហើយ ដែលមន្ទីរពេទ្យជោរៃភ្នំពេញ បានបង្កើតកម្មវិធីបរិច្ចាគឈាម ដោយលើកទី១ មានចូលរួម៦០នាក់, លើកទី២មាន៧០នាក់, លើកទី៣ មាន៨០នាក់ និងលើកទី៤នេះមានជាង១០០នាក់»។
លោកបន្តថា ឈាមដែលប្រើប្រាស់សព្វថ្ងៃនេះ នៅមានការខ្វះខាតច្រើននៅឡើយ ដូច្នេះទើបមន្ទីរពេទ្យជោរៃ មានគម្រោងធ្វើ២ដងក្នុងមួយឆ្នាំ។
លោក ហុក គឹមចេង ក្នុងឱកាសនោះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យចូលរួមបរិច្ចាគឈាមឲ្យបានទាំងអស់គ្នា ក៏ព្រោះតែនាពេលសព្វថ្ងៃនេះ តម្រូវការឈាម នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេស មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕