រដ្ឋសភា ប្រកាសបើកសម័យប្រជុំពេញអង្គលើកចុងក្រោយ សម្រាប់នីតិកាលទី៥ នៅថ្ងៃទី៧ មិថុនា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ (Video inside)
05-06-2018 17:18
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសថា រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១០ ដែលជាសម័យលើកចុងក្រោយ សម្រាប់នីតិកាលទី៥ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័តលើច្បាប់ចំនួន៣ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។
ការប្រកាសអំពីការរៀបចំសម័យប្រជុំពេញអង្គលើកចុងក្រោយនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីប្រធានគណៈកម្មការទាំង១០នៃរដ្ឋសភាផងដែរ។
សេចក្តីព្រាងច្បាប់ ដែលត្រូវអនុម័តនោះ រួមមាន៖
១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។
២៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។
៣៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា៕