(ភ្នំពេញ)៖ ដើម្បីសំរួលការកក់ស្ទះចរាចរណ៍ ក្នុងទីក្រុងភ្នំពេញ និងធ្វើឲ្យបរិស្ថានស្អាតល្អ ធានាដល់សុខភាពរបស់ពលរដ្ឋ ក្រុមហ៊ុន Grab និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃគម្រោងមូលនិធិរួមគ្នាដំបូងបង្អស់ ក្នុងគោលដៅគាំទ្រដល់កិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាព និងនិរន្តរភាព នៃចរាចរណ៍ក្នុងទីក្រុងភ្នំពេញ។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបីភាពរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក​ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា «ថ្ងៃនេះក្រុមហ៊ុន Grab បានចុះកិច្ចព្រមព្រៀងជាមួយ UNDP ទាក់ទងនឹងការរៀបចំជួយ សម្រួលការកក់ស្ទះចរាចរណ៍ ក៏ដូចជាការធ្វើដំណើរ ឲ្យប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុន Grab នឹងជួយឧបត្ថមជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ ទៅ UNDP ក្នុងនោះ UNDP ក៏បានដាក់លុយក្នុងនោះផងដែរ ដើម្បីជួយធ្វើយ៉ាងណាមើល ការកក់ស្ទះចរាចរណ៍ ការធ្វើដំណើរមានសុវត្ថិភាព និងកាត់បន្ថយការបំពុល អាកាសធាតុ ដោយការធ្វើដំណើរនេះឯង»

លោកបានថ្លែងបន្ដទៀតថា ក្រសួងសាធារណការ បានចូលរួមជាមួយ Grab និង UNDP ដើម្បីមើលពីកិច្ចការនេះ ទៅលើការស្ទះចរាចរណ៍ជាដើម បន្ទាប់មកក្រសួង នឹងយកកិច្ចការនេះទៅសិក្សា និងអនុវត្តន៍រកដំណោះស្រាយនៃបញ្ហានីមួយៗ។ កិច្ចព្រមព្រៀងនេះ មានរយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ​២០១៨ នេះតទៅ។

លោក Russell Cohen នាយកប្រតិបត្តិក្រុមហ៊ុន Grab ថ្លែងឲ្យដឹងថា «Grab មានសេចក្តីសោមនស្សរីករាយ បន្តកិច្ចសហការជាមួយ UNDP ដើម្បីសម្រេចនូវទស្សនវិស័យ និងឆន្ទៈរួមក្នុងការកាត់បន្ថយ ការបំពុលខ្យល់អាកាស ក៏ដូចជាការបង្កើនសុវត្ថិភាព និងប្រសិទ្ធិភាពនៃចរាចរណ៍តាមដងផ្លូវ។ ក្រុមហ៊ុន នឹងបន្តភាពជាដៃគូជាមួយ UNDP ដើម្បីរួមចំណែកធ្វើឲ្យ ទីក្រុងនានាក្នុងតំបន់ អាស៊ីអាគ្នេយ៍ កាន់តែមានបរិស្ថានស្អាត និងភាពរស់រវើក»

លោក Cohen បន្ថែមទៀតថា ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Grab ក៏បានប្តេជ្ញាផ្តល់នូវការគាំទ្រផ្សេងៗ ដូចជា ការចែករំលែកទិន្ន័យ ការផ្តល់បច្ចេកវិទ្យា ធនធានមនុស្ស, ព្រមទាំងការលើកកម្ពស់ ការប្រើយានយន្តបែបបរិស្ថាន ក្នុងចំណោមអ្នកបើកបរដៃគូ និងអ្នកដំណើរ។

លោកបានបញ្ជាក់ទៀតថា គិតមក​ទល់ពេល​នេះ កម្ពុជាមានអ្នក​ប្រើប្រាស់​សេវា​កម្ម Grab សម្រាប់ការធ្វើដំណើរ មានជាង១ម៉ឺននាក់ហើយ ខណៈដែល​អ្នកបើកបរ​ក៏មានជាង១ម៉ឺននាក់ដែរ ក្នុងនោះមានដូចជា អ្នកបើកបររថយន្ដ ម៉ូតូកង់បី និងម៉ូឌុបជាដើម៕