(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ភូមិតាង៉ៅកណ្តាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន១០នាក់ ស្រីម្នាក់ ដែលបានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាមទាំង១០នាក់នេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី៕