(ភ្នំពេញ)៖ ការបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅរាត្រីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញបានធ្វើឡើងយ៉ាងមហស្ចារ្យបំផុត ក្រោមផ្ទាំងទស្សនីយភាពសិល្បៈ និងព្រឹត្តិការផ្សេងៗ ដូចជាការបាញ់ភ្លើងកាំជ្រួចជាដើម។ ក្រៅពីផ្ទាំងទស្សនីយភាពសិល្បៈ ឆុតឆាកសម្តែង និងការបាញ់កាំជ្រួចភ្លើងកាំជ្រួចទៅ គេក៏ចាប់អារម្មណ៍ផងដែរនូវវត្តមានដ៏ច្រើនសន្ធឹកសន្ធាត់របស់យុវជន យុវតីខ្មែរ មកពីតាមបណ្តាសាលា និងសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ។
ក្នុងផែនអ្នកគាំទ្រដែលជាសិស្ស និស្សិតមកពីតាមសាលា និងសាកលវិទ្យាល័យនានាដែលមានចំនួនរាប់ម៉ឺននាក់នេះ ក៏បង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងណាស់ផងដែរ ជាមួយសម្រែកហ៊ោកញ្ជ្រៀវរបស់ពួកគេ ដែលបង្ហាញពីអារម្មណ៍មោទនភាពរបស់យុវជនជំនាន់ក្រោយក្នុងព្រឹត្តិការណ៍កីឡាជាតិកម្ពុជា។ ទន្ទឹមនឹងការចាប់អារម្មណ៍ក្នុងផែនអ្នកគាំទ្រនេះ មហាជនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងផែនគាំទ្ររបស់របស់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU។
ការចាប់អារម្មណ៍នេះដោយសារផែនសាកលវិទ្យាល័យនេះបានលេចធ្លោជាមួយឈុតសម្លៀកបំពាក់ពណ៌លឿង ជាពិសេសគឺគំនិតច្នៃប្រឌិតរបស់និស្សិត ដោយបាននាំគ្នាអង្គុយកាន់ផ្លាកសញ្ញាម្នាក់មួយផ្ទាំង ហើយលើកផ្គុំចេញជាទង់ជាតិរបស់កម្ពុជា។ តាមរយៈការខិតខំច្នៃប្រឌិតនេះ បានបង្ហាញពីស្មារតីនៃការស្រឡាញ់ជាតិ ហើយក៏ជាការបំផុសស្មារតីដល់យុវវ័យដទៃទៀត មានគំនិត និងស្មារតីគិតដល់ជាតិ និងមោទនភាពសម្រាប់ជាតិផងដែរ។
លោក ហ៊ិន សំអាត សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ PPIU បានថ្លែងដឹងដែរថា ថ្ងៃនេះជាថ្ងៃមហាអស្ចារ្យ របស់ពលរដ្ឋកម្ពុជា ព្រោះនេះជាទិវាបិទកីឡាជាតិលើកទី២ ហើយការដឹកនាំសិស្ស និស្សិតមកចូលរួម ក្នុងមហាវេទិកានេះ ជាការបង្ហាញពីឆន្ទៈរបស់យុវជន ដែលគាំទ្រវិស័យកីឡាជាតិ ហើយនេះជាមោទនភាពមួយមិនអាចកាត់ថ្លៃបាន។ និស្សិតសាកលវិទ្យាល័យ PPIU ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមក្នុងមហាព្រឹត្តិការណ៍ដ៏ធំនេះផងដែរ៕
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនានេះ ជាថ្ងៃចុងក្រោយ ដែលអត្តពលិកមកពីរាជធានី-ខេត្ត និងក្រសួងទាំង២៨ បញ្ចប់បេសកកម្មប្រកួតកីឡាជាតិលើកទី២ លើប្រភេទកីឡាទាំង ២៧ប្រភេទ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ ដែលរៀបចំឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសគឺការព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះអង្គរបានប្រោសព្រះរាជទានភ្លើងគប់ ដើម្បីប្រារព្ធពិធីបើកផ្លូវការ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។
វេទិការដ៏មហាអស្ចារ្យនេះ ក៏មានការចូលរួមសម្ដែងពីសំណាក់ កីឡាករ កីឡាការនី តារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជា ព្រមទាំងតារាចម្រៀងប្រុសស្រី ល្បីៗផង និងសម្តែងក្បាច់គុណ តៃក្វាន់ដូ ល្បុកតោខ្មែរ និងហែមហមព្រាបសន្តិបាលតំណាងសុខសន្ដិភាព។
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការផ្តល់កម្លាំងចិត្តដ៏សំខាន់សម្រាប់ក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍ជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនី ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្ដៅពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕