(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធានក្រុមការងារថ្នាក់ជាតិឃុំស្វាយអន្ទរ និងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តគ្មានការភ័យខ្លាច ដូច្នេះយើងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា រក្សាតម្លៃនៃសុខសន្ដិភាពឲ្យបានដូចសព្វថ្ងៃនេះ និងជារាងរហូត។
ក្នុងវេទិកាសាធារណៈរវាងក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានជាមួយប្រជាពលរដ្ឋឃុំអង្គរទ្រេត នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានថ្លែងថា ក្រោយពីប្រទេសជាតិបានបញ្ចប់សង្រ្គាមទាំងស្រុង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រជាពលរដ្ឋមានជីវភាពសម្បូរសប្បាយ រស់នៅគ្មានការភ័យខ្លាច ហើយសមិទ្ធផលទាំងអស់នេះ កើតចេញដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវចូលរួមលើកម្ពស់ការពារតម្លៃ នៃសុខសន្ដិភាព បន្ដជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងធ្វើជាមន្ដ្រីល្អយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ជាពិសេសត្រូវបន្តខិតខំធ្វើអំពើល្អ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
បើតាម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ «ប្រជាពលរដ្ឋត្រូវតែរួមគ្នារក្សាតម្លៃ នៃសុខសន្ដិភាព ជាពិសេសកុំជឿតាមការឃោសនាអគតិរបស់ទណ្ឌិត សម រង្សី ឲ្យបះបោររារាំងកុំឲ្យមានការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ។ ដាច់ខាតត្រូវរួមគ្នាការពារឲ្យខាងតែបាននូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់កុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួន កុំឲ្យទៅចូលរួមបោះឆ្នោត ព្រោះថា ការបោះឆ្នោតជ្រើសតាំងណាងរាស្ត្រ ដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ ដែលពួកគេមើលឃើញថា បានប្រឹងប្រែងធ្វើការដើម្បីអភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងជួយធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយដើម្បីចូលរួមការបោះឆ្នោតបានប្រជាពលរដ្ឋទាំងអស់ត្រូវមានឯកសារឲ្យបានគ្រប់គ្រាន់ដូចជា អត្តសញ្ញាណប័ណ្ណជាដើម។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ និងអាជ្ញាធរស្រុក ក៏បានរួមគ្នាដោះស្រាយបញ្ហា ផ្លូវ ថ្នល់ លូ ប្រឡាយទឹក របងសាលាបឋមសិក្សាបឹងរ៉ាច់ និងបញ្ហាផ្សេងៗមួយចំនួនទៀតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕