(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ កំពុងបង្កើនការពង្រឹងការកត់ត្រាថវិកាចំណូល-ចំណាយចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកានៅរដ្ឋបាលកណ្ដាល និងនៅមន្ទីរគ្រប់ទាំង២៥រាជធានី-ខេត្ត ដូចជា ការកត់ត្រាចំណាត់ថ្នាក់ទាំង៧នៃមាតិកាថវិកា ការអនុវត្តមាតិកាថវិកាថ្មី និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាជាដើម។
វិធានការនេះ ត្រូវបានលើកឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការកត់ត្រាចំណាត់ថ្នាក់ទាំង៧នៃមាតិកាថវិកា និងការអនុវត្តមាតិកាថវិកាថ្មី និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ជូនមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
លោក ជា បូរ៉ា បានលើកឡើងថា ក្នុងបរិបថនៃកំណើនទេសចរជាលំដាប់ដូច្នេះ ដើម្បីធានាឱ្យការគ្រប់គ្រង និងការអនុវត្តលើវិស័យទេសចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការអនុវត្តចំណូលចំណាយបានត្រឹមត្រូវ ព្រមទាំងឆ្លើយតបទៅនឹងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានដាក់ចេញនូវកម្មវិធីចំនួន៣ គឺកម្មវិធីទី១. គ្រប់គ្រងឧស្សាហកម្មទេសចរណ៍, កម្មវិធីទី២. អភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីទី៣. ការពង្រឹងសេវាគាំទ្រដំណើរការទូទៅសម្រាប់ការគ្រប់គ្រងវិស័យទេសចរណ៍ សម្រាប់គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់ក្រសួង «ជំរុញកំណើនទេសចរណ៍ និងបង្កើនតម្លៃបន្ថែមតាមរយៈវិស័យទេសចរណ៍នៅកម្ពុជា» សំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព និងដើម្បីចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
លោកថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ២០០៤មក ដោយមាន៤ដំណាក់កាល គឺដំណាក់កាលទី១. ការបង្កើនភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២. ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣. ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងដំណាក់កាលទី៤. ការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម។
នៅឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៣ នៃដំណាក់កាលទី៣. កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាចំណុចរបត់ដ៏សំខាន់មួយ មានវិសាលភាពកាន់តែធំទូលាយដែលមានការផ្ទេរសិទ្ធិ អំណាច និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ ដល់ក្រសួងស្ថាប័នក៏កាន់តែច្រើនឡើង ក្នុងនោះក្រសួងទេសចរណ៍ ក៏ជាប្រតិបត្តិករ និងជាតួអង្គសំខាន់ក្នុងការចូលរួមអនុវត្តការកែទម្រង់នេះ ឱ្យទទួលបានជោគជ័យ ដែលតម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ចាំបាច់ត្រូវតែ បង្កើនឆន្ទៈនៃភាពម្ចាស់ការ និងការចូលរួមឱ្យកាន់តែសកម្មនិងខ្លាំងក្លាជាងមុន ដែលចំណុចទាំងនេះគឺទាមទារឱ្យមានការចូលរួមការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ទើបអាចធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ និងកម្រិតជំនាញសាកសមនឹងការវិវត្តថ្មីៗ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ។
នៅដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺបានផ្លាស់ប្ដូរ និងកែប្រែអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពប្រតិបត្តិករនានា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រសួងស្ថាប័នទៅជាអង្គភាពថវិកា ដែលមានសិទ្ធិស្វ័យសម្រេចទៅតាមការកំណត់របស់ច្បាប់ ជាក់ស្ដែងក្រសួងទេសចរណ៍ និងមន្ទីរជំនាញរាជធានី-ខេត្ត បានចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនេះ ចាប់តាំងពីឆ្នាំ២០១៦មក។
ទោះបីជា យើងបានចូលរួមយ៉ាងសកម្មក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលយ៉ាងសកម្មបែបនេះក្ដី ប៉ុន្តែបញ្ហាប្រឈមនៃការអនុវត្តរបស់មន្ត្រីជំនាញរបស់ ក្រសួងយើងក៏នៅតែមានជាអន្លើ ជាមួយនឹងការអនុវត្តនូវនីតិវិធីថ្មីៗលើការគ្រប់គ្រង និងការចំណាយថវិកា ដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសលើការកត់ត្រាចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកា និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា មិនទាន់បានគ្រប់ជ្រុងជ្រោយ និងល្អប្រសើរនៅឡើយ។
ក្នុងន័យនេះ ដើម្បីឱ្យក្រសួងមានធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសលើការកត់ត្រាចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកា និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា, ក្រសួងទេសចរណ៍យើងចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការកសាងសមត្ថភាពរបស់មន្ត្រី ដូចដែលបាននិងកំពុងរៀបចំនៅពេលនេះ ដោយទទួលបានជំនួយបច្ចេកទេស ដែលគ្រូបង្គោលជាអ្នកជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍នៃប្រធានបទខាងលើ៕