(ពោធិ៍សាត់)៖ នគរបាលស្រុកក្រគរ ដឹកនាំដោយលោកវរសេនីយត្រី ញឹក សុគា អធិការរង បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ឆ្មក់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ដោយឃាត់ខ្លួនបានជនសង្ស័យ បាន៣នាក់ និងឆែកឆេរដកហូតបានថ្នាំញៀន១កញ្ចប់ ៧កញ្ចប់តូច និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៨៖២០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចព្រៃអ្នកតាក្របៅ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយត្រី ញឹក សុគា បានថ្លែងថា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានទី១៖ ឈ្មោះ ជឹម ភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរមិនពិប្រាកដ, ទី២៖ ឈ្មោះ រស់ សុខដេត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរកម្មករ និងទី៣៖ ទិត្យ វិទូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរកម្មករ។
ក្រោយឃាត់បានជនសង្ស័យទាំង៣នាក់ ខាងលើនេះ កម្លាំងនគរបាលបានឆែកឆេររកឃើញ ថ្នាំញៀនម៉ាទឹកកកចំនួន៨កញ្ចប់ ធំ១កញ្ចប់ តូច៧កញ្ចប់ និងឧបករណ៍បម្រើឱ្យការជួយដូរប្រើប្រាស់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ នាំខ្លួនមកសួរនាំ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕