(កំពត)៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ផែនការមេជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងទិសដៅការងារជំរុញ និងសម្របសម្រួលការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា» ដោយមានការចូលរួមពី លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត, ថ្នាក់ដឹកនាំក្រសួងផែនការ និងលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។
ទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងថា នៅក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្ដើមពីការកសាង ផែនការមេជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឆ្នាំ២០១៤-២០២០។ ជាលទ្ធផល នៃការអនុវត្តយន្តការស្ថាប័ន សម្រាប់គ្រប់គ្រង និងសម្របសម្រួល ការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ២០១៤ ដោយបានចាប់ផ្ដើម ពីការបង្កើត ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (ក.ជ.វ.ប.) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន និងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជា សេនាធិការក្នុងការសម្របសម្រួល និងជំរុញការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លើគ្រប់វិស័យ។
ទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា កិច្ចការដែលបង្កើតវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺការស្រាវជ្រាវ និងអភិវឌ្ឍ (R&D)។ ក្នុងហេតុផលនេះ ផែនការមេជាតិ ស្តីពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ បានកំណត់ច្បាស់នូវ គោលបំណងចម្បងចំនួន៤ ក្នុងនោះ គោលបំណងទី២ សំដៅដល់ការធានា នូវសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍជាតិ និងគោលបំណងបីទៀតមានទិសដៅ សំខាន់គឺការធានាឲ្យការស្រាវជ្រាវ និងអភិវឌ្ឍជាតិប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ដើម្បីឲ្យកិច្ចការនេះអាចផ្ដល់បាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងជីវភាពប្រជាជនកាន់តែប្រសើរឡើង។
ការស្រាវជ្រាវ និងអភិវឌ្ឍក៏ត្រូវបានចាត់ទុកជាគ្រឹះ នៃការអភិវឌ្ឍក្នុងគ្រប់វិស័យ និងជាឆ្អឹងខ្នង នៃការប្រកួតប្រជែងសេដ្ឋកិច្ចប្រកបដោយមោទនភាពជាតិ នៅទូទាំងពិភពលោកផងដែរ។ ការវិនិយោគ នៅក្នុងផ្នែកការស្រាវជ្រាវ និងអភិវឌ្ឍបានផ្សារ ភ្ជាប់ជាមួយ នឹងការផ្ដល់មកវិញនូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈការលើកម្ពស់ផលិតភាពការងារ ព្រមទាំងការជួយបង្កើតផលិតផល វិធីសាស្រ្ត និងសេវាកម្មថ្មីៗ ដែលកាន់តែល្អជាងមុន កាន់តែមានភាពប្រកួតប្រជែងជាងមុន នាំដល់ការបង្កើតឡើងនូវតម្រូវការកាន់តែខ្ពស់ការងារ ដែលមានគុណភាពកាន់តែច្រើន ហើយធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពជាតិ និងប្រជាជន។
ដូចនេះ ដើម្បីធានាបានសមត្ថភាព ការស្រាវជ្រាវនិងអភិវឌ្ឍ យើងចាំបាច់ ត្រូវយល់ដឹង អំពីស្ថានភាព នៃកិច្ចការនេះ នាពេលបច្ចុប្បន្ន ដើម្បីជាមូលដ្ឋាន ក្នុងការតម្រង់ទិស និងការរៀបចំផែនការ វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍក៏ដូចជា ផែនការ អភិវឌ្ឍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នាពេលអនាគត។
គូរបញ្ជាក់ថា ផែនការមេជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ នេះ ត្រូវបានប្រកាសផ្សព្វផ្សាយក្នុងឆ្នាំ២០១៧ រួចមកហើយ បានចំនួន៤រាជធានីខេត្ត រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង និងកោះកុង៕