Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី នឹងបញ្ចប់ការ​វាស់វែងបែងចែកដីឡូត៍ ជូ​នពលរដ្ឋចំនួន៥៨៥គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ខេត្តកោះកុង នៅដំណាច់ខែមិថុនានេះ

05-06-2018 14:51

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស នឹងបញ្ចប់ការចុះវាស់វែងបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋដែលមានទម្លោះ ជាមួយក្រុមហ៊ុនស្ករអំពៅ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យបានរួចរាល់ចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់ដំណាច់ខែមិថុនា ឆ្នាំ២០១៨នេះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី ដែលបានបង្ហាញនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ជំនួបរវាងទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយតំណាងប្រជាពលរដ្ឋ៣១៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ។

ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ក្រុមការងារមានភាពមមាញឹក ក្នុងការវាស់វែងបែងចែកដីឡូតិ៍ ជូនក្រុមប្រជាពលរដ្ឋ២០០គ្រួសារ ដែលទើបបានចាប់ឆ្នោតជ្រើសរើសឡូតិ៍រួចរាល់ និងជូនក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ ដែលជិតនឹងបានបញ្ចប់។

ក្រុមការងារជំនាញ នឹងបន្ដចាត់ចែងបែកចែកដីឡូតិ៍សម្រាប់ក្រុមប្រជាពលរដ្ឋ៣១៧គ្រួសារ ក្រុមប្រជាពលរដ្ឋ១៧០គ្រួសារ និងក្រុមប្រជាពលរដ្ឋ៩៨គ្រួសារ សរុបចំនួន៥៨៥គ្រួសារ ដែលគ្រោងចុះវាស់វែងបែងចែកដីឡូតិ៍ឲ្យបានរួចរាល់ចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់ដំណាច់ខែមិថុនានេះ៕​