(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការលុបបំបាត់មន្រ្តីខ្មោច និងកងកម្លាំងប្រដាប់អាវុធខ្មោច នាពេលកន្លងមកនេះ គឺបានធ្វើឱ្យកម្ពុជា ចំណេញថវិកាជាតិយ៉ាងច្រើន​។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់តាំងពីធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារមកការលុបបំបាត់មន្រ្តីខ្មោច បានធ្វើឡើងយ៉ាងល្អប្រសើរ។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងតម្រូវឱ្យមន្រ្តីរាជការរបស់យើង បើកប្រាក់បៀវត្សរ៍ តាមធនាគារ គ្រាន់តែចំណុចនេះមួយយើងកាត់មន្រ្តីខ្មោចបានរាប់ពាន់រាប់ម៉ឺនឯណោះ បើស្ថាប័នបើកលុយ គឺជួនកាន់មន្រ្តីមានតែ១ពាន់នាក់ទេ ប៉ុន្តែនៅក្នុងបញ្ជីបើកបៀវត្សមានទៅដល់ ១ពាន់១០០នាក់ ប៉ុន្តែដល់ពេលយើងឱ្យបើកគណនីរបស់មន្រ្តី តាមធនាគារខ្មោចវាអត់ចេះទៅកាន់សៀវភៅបើកទេ ពេលបើកតាមធនាគារវាបាត់មន្រ្តីខ្មោច អញ្ចឹងចំណេញថវិកាជាតិមិនតិចនោះទេ​»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា រឿងមន្រ្តីខ្មោចនេះ ប្រទេសផ្សេងៗ ក៏មានដែរ ដោយឡែកប្រទេសកម្ពុជាមានតាំងពីជំនាន់លន់ នល់ ដែលកាលនោះ គឺមានទាហានខ្មោច ប៉ុន្តែនៅរបបសព្វថ្ងៃ មានទាំងមន្រ្តីខ្មោច និងមានទាំងទាហានខ្មោច ប៉ុន្តែមន្រ្តីខ្មោចទាំងនោះ បានបាត់បង់នៅពេលដែលរៀបចំប្រព័ន្ធកំណែទម្រង់ និងបើកប្រាក់តាមធនាគារ។

សម្តេចថ្លែងថា បន្ទាប់ពីដាក់ចេញនូវប្រព័ន្ធនេះ រាជរដ្ឋាភិបាលក៏រកឃើញថា មានមន្រ្តីខ្លះ ធ្វើការច្រើនកន្លែង ដោយដូរឈ្មោះមិនឱ្យដូចគ្នា ប៉ុន្តែប្រើក្រយៅដៃតែមួយ ដែលរាជរដ្ឋាភិបាលរកឃើញតាមរយៈក្រយៅដៃនេះតែម្តង។ មន្រ្តីទាំងនោះក៏ត្រូវបានដាក់ទោស និងឱ្យសងប្រាក់មករដ្ឋវិញផងដែរ៕