(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់បញ្ចាំងភាព​យន្តភាគ​ ជាបន្តបន្ទាប់​​ ក្នុងស្ថានីយទូរទស្សន៍​របស់ខ្លួនហើយនោះ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានសម្រេចចិត្តធ្វើពិធីក្រុងពាលីរឿងភាគថ្មីមួយទៀត មានចំណងជើងថា «មន្តស្នេហ៍ អនុសេនីយ៍» ដោយបានជ្រើស​រើសយក តារាសម្ដែង ស្រីទឹកមុខស្រទន់មានមន្តស្នេហ៍ កញ្ញា យ៉ែម ស្រីពេជ្រ និង​ប្រុសសង្ហាលោក សេង រតនៈ ឲ្យសម្ដែងជាតួឯករួមគ្នា ជាលើកដំបូង។ ដោយឡែកភាពយន្តនេះ ត្រូវបានផលិតករបង្ហើបថា មានគោលដៅ ចង់បង្ហាញឲ្យមហាជន បានដឹងខ្លះៗពីសកម្មភាពរបស់កងកម្លាំង ប្រដាប់អាវុធ ក្នុងវិស័យយោធា ឲ្យមហាជនបានដឹងផងដែរ។

ពិធីក្រុងពាលីរឿងភាគថ្មី របស់ទូរទស្សន៍​កង​យោធ​ពល​ខេមរភូមិន្ទ​ ប៉ុស្តិ៍​លេខ​៥ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយមានវត្តមានថ្នាក់ដឹកនាំ នៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥, ផលិតករ, តារាសម្ដែងប្រុស-ស្រី និងក្រុមការងារថត ជាច្រើននាក់។

លោក Supachai Varapuchong ម្ចាស់ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា មូលហេតុដំបូង ដែលលោកជ្រើសរើស យកខ្សែភាពយន្ត រឿង«មន្តស្នេហ៍ អនុសេនីយ៍» ដែលនិយាយពីស្ថាប័នកងទ័ព យកមករៀបចំផលិត នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដោយសារតែលោកចង់ចូលរួមលើកស្ទួយ វិស័យយោធា ក៏ដូចជាជួយផ្សព្វផ្សាយវិស័យមួយនេះ ឲ្យកាន់តែទូលំទូលាយ​បន្ថែមទៀត ដើម្បីឲ្យមហាជន បានស្គាល់កាន់តែច្បាស់ ចំពោះសកម្មភាពទាំងឡាយ ដែលកើតមាន នៅក្នុងការងារមួយនេះ។

លោក Supachai Varapuchong បាននិយាយថា «ដោយសារតែមានវត្តមានសិល្បករ-សិល្បការិនី ជាច្រើនដួង បង្ហាញខ្លួន នៅក្នុងរឿងនេះ ដែលសុទ្ធតែមានឈ្មោះបោះសំឡេង មានបទពិសោធន៍ និង​ធ្លាប់មានស្នាដៃទទួលបានជោគជ័យ ដូច្នេះខ្ញុំសង្ឃឹមថា ខ្សែភាពយន្តខាងលើនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ម្យ៉ាងវិញទៀត​ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺជាទូរទស្សន៍មានឈ្មោះ​ថា កងយោធពលខេមរភូមិន្ទ អ៊ីចឹងហើយបានជាយើងផលិតភាពយន្ត ដែលពាក់ព័ន្ធនឹងកងទ័ព​ ហើយក៏ចង់ជួយ លើកស្ទួយវិស័យយោធា ផងដែរ។ ​រឿងនេះ នៅពេលដែលយើងចាក់បញ្ចាំងទៅ ប្រជាពលរដ្ឋនឹងបានយល់អំពី វិធីសាស្រ្ដ ឬ​ការហ្វឹតហាត់រៀនផ្សេងៗ លើវិស័យទ័ព ក៏ដូចជាការផ្ដល់ចំណេះដឹង ដល់ទស្សនិកជន ទៀតផង»

ជាចុងក្រោយ លោកសង្ឃឹមថា ខ្សែភាពយន្តមួយនេះ នឹងទទួលបានជោគជ័យ ហើយសូមឲ្យក្រុមការងារទាំងអស់ ខិតខំប្រឹងប្រែង និង​យកចិត្តទុកដាក់ចំពោះការសម្ដែង ទាំងអស់គ្នា ដើម្បឲ្យខ្សែភាពយន្តមួយនេះ កាន់តែដំណើរការទៅដោយល្អ និង​រលូន។

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «មន្តស្នេហ៍ អនុសេនីយ៍» មានការចូលរួមសម្ដែងដោយ កញ្ញា យ៉ែម ស្រីពេជ្រ, លោក សេង រតនៈ, អ្នកនាង កាតុ, លោក កា បញ្ញាសិទ្ធ, តារាជើងចាស់ លោក ហេង ណារី និង តារាសម្ដែងប្រុស-ស្រី ជាច្រើនរូបទៀត៕