(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក ដែលកើតឡើងដោយសារសហរដ្ឋអាមេរិក ដំឡើងពន្ធអាលុយមីញ៉ូម និងដែកថែបនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីចាត់ទុកថា សង្គ្រាមពាណិជ្ជកម្មដែលបណ្តាលមកពីអាមេរិកដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែបនេះ មិនមែនត្រឹមតែជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននោះទេ គឺបានក្លាយជាសង្គ្រាមនៅ លើសកលលោកទៅហើយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃនេះ យើងកំពុងតែដោយដិតដល់ខ្លាំងណាស់ នូវសង្គ្រាមពាណិជ្ជកម្ម ដែលត្រៀមនឹងផ្ទុះ។ ប្រសិនបើថ្នាក់រដ្ឋមន្ត្រីការបរទេសចំនួន៦ ផ្ញើសារទៅកាន់ប្រធានាធិបតី ដូណាល់ត្រាំ របស់អាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះ បង្ហាញនូវការមិនពេញចិត្ត ហើយឲ្យមានការកែតម្រូវ វានឹងអាចផ្ទុះជម្លោះដ៏ធំរវាងសម្ព័ន្ធមិត្ត ក្នុងក្របខណ្ឌប្រទេសអភិឌ្ឍន៍ទាំង៧ (G7) រួមមានជប៉ុន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា សុទ្ធតែផ្ញើសារតាមរយៈមន្ត្រីរតនាគាររបស់សហរដ្ឋអាមេរិក ទៅឲ្យប្រធានធិបតី ដូណាល់ត្រាំ អំពីបញ្ហាពន្ធលើអាលុយមីញ៉ូម និងដែកថែប។ រហូតដល់រដ្ឋមន្ត្រីរបស់បារាំងបាននិយាយថា ប្រជុំថ្នាក់រដ្ឋមន្ត្រីដូចមិនមែនប្រជុំ G7 ទេ តែជាការប្រជុំ 6+1 បានសេចក្តីថា ៦បូក១ទៅវិញ ហើយសុំឲ្យមានការសម្រេចចិត្តឲ្យបានឆាប់ បើមិនដូច្នេះទេ ការប្រជុនៅថ្ងៃ៨-៩ខាងមុខនេះ រវាងថ្នាក់ប្រធានធិបតី និងនាយករដ្ឋមន្ត្រីអាចនឹងមានជម្លោះ ក្នុងចំណោមប្រទេសដែលជាដៃគូ។ ឥឡូវវាមិនមែនជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនទេ វាជាសង្គ្រាមពាណិជ្ជកម្មសកលទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដែលអាចនឹងក្លាយទៅជាជាសង្គ្រាមពាណិជ្ជកម្មសកលនេះ បាននិងកំពុងធ្វើឲ្យតួនាទី អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) ត្រូវបានបំផ្លាញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា កម្ពុជាកំពុងតែរង់ចាំមើល ដើម្បីរាំងស្ទះផលប៉ះពាល់ទាំងឡាយ ដែលបង្កមកពីការប៉ះទង្គិចនៃប្រទេស ដែលមានសេដ្ឋកិច្ចធំៗ ដោយសារសង្គ្រាមពាណិជ្ជកម្មនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គឺពិតជារីករាយនៅពេល ដែលសេដ្ឋកិច្ចក្នុងតំបន់របស់យើង មានការរីកលូតលាស់ខ្លាំង ជាពិសេសសេដ្ឋកិច្ចជាមួយនឹងប្រទេសជិតខាង។ បើប្រទេសក្នុងតំបន់មានសេដ្ឋកិច្ចល្អ នោះសេដ្ឋកិច្ចកម្ពុជាក៏ល្អដែរ៕