(ភ្នំពេញ)៖លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនាព្រឹកថ្ងៃទី០៥ ខែមិថុនានេះថា ភាគីចិនមានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយ នៅក្នុងប្រទេសកម្ពុជា និងស្វែងយល់អំពីស្ថានភាព គោលនយោបាយ នៃការអប់រំបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាផងដែរ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន លោកត អ៊ិត សំហេង បានបញ្ជាក់ថា ចិនមានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅទីក្រុងភ្នំពេញ និងភាគីចិនពិតជាមានការចាប់អារម្មណ៍ខ្លាំង ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជានាពេលខាងមុខ ជាពិសេសភាពជាដៃគូចិន និងកម្ពុជាក្នុងវិស័យនេះ ម្យ៉ាងវិញទៀត ក៏ស្របទៅនឹងយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវាត់មួយរបស់ចិនផងដែរ។
លោករដ្ឋមន្ត្រីបន្តថា ភាគីចិននឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុន (OCIC) ក្រោមការគ្រប់គ្រងរបស់លោកឧកញ៉ា ពុង ឃាវសែ និងជាប្រធានសមាគមសម្ព័ន្ធខ្មែរចិន ដើម្បីបង្កើតសាកលវិទ្យាល័យដ៍ធំមួយ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីយល់ថា សាលកវិទ្យាល័យនេះ នឹងរួមវិភាគទានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលបណ្តុះបណ្តាលលើកម្រិតជាន់ខ្ពស់ តាំងពីកម្រិតបណ្ឌិត អនុបណ្ឌិត រហូតដល់វិជ្ជាជីវៈ (សញ្ញាបត្រជាន់ខ្ពស់ ដល់វិញ្ញាបនបត្រ) ដែលការបង្រៀននេះប្រើប្រាស់ជាភាសាខ្មែរ ចិន និងភាសាដទៃផ្សេងទៀត។
គម្រោងនេះ ភាគីចិននឹងជំរុញឲ្យសម្រេចបានជោគជ័យ នាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន។ ជាមួយនឹងគម្រោងនេះ លោកបានផ្តល់ការគាំទ្រ ប៉ុន្តែភាគីចិនអាចមានជំរើសប្រសិនបើការបណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងដូច្នេះ គឺចិនអាចធ្វើជាដៃគូជាមួយស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ៕