(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានដាស់តឿនដល់មន្ត្រីរាជការគ្រប់រូបថា មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ ហើយគ្មានមន្ត្រីក្រអើតក្រទមណាមួយ ទទួលបានការគោរពពីប្រជាពលរដ្ឋនោះឡើយ។
ការបញ្ជាក់របស់សម្ដេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា គ.ស២០១៨។
សម្ដេចបានផ្ដាំផ្ញើទៀតថា ប្រទេសកម្ពុជា បានចាត់ទុកប្រជាពលរដ្ឋជាធំ តាមរយៈការបោះឆ្នោត ដូច្នេះហើយមន្ត្រីរាជការទាំងឡាយ ត្រូវចេះយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ គ្មានការគាំទ្រពីប្រជាពលរដ្ឋ គ្មានការស្រលាញ់រាប់អានពីប្រជាពលរដ្ឋ អ្នកមិនអាចជោគជ័យបានទេ ដូច្នេះគ្រប់សកម្មភាពទាំងអស់ ត្រូវដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋទេ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ធ្វើជាមន្ត្រី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ សូមចាំទៅលើចំណុចនេះ......គ្មានមន្ត្រីដែលធ្វើអំពើអាក្រក់ណាមួយ ទទួលបាននូវការស្វាគមន៍នោះ»។
ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា សុភាសិតខ្មែរដែលបានពោលថា «ងើយស្កក ឱនដាក់គ្រាប់» គឺជាគតិលោកអប់រំដ៏ប្រសើរណាស់ ហើយក្នុងវិស័យទំនាក់ទំនងសាធារណៈ និងក្នុងវិស័យការងារក៏ដូចគ្នា ភាពក្រអឺតគ្រទមណាមួយ មិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋឡើយ មានតែភាពឱនលំទោនចំពោះប្រជាពលរដ្ឋទេ ដែលទទួលបានការតបស្នងពីប្រជាពលរដ្ឋមកវិញនូវការស្រលាញ់រាប់អាន។ គ្មានមន្ត្រីដែលធ្វើអំពើអាក្រក់ណាមួយ ដែលទទួលបាននូវការស្វាគមន៍នោះទេ។
សម្តេចតេជោមិនគាំទ្រឱ្យមានការតែងតែមុខតំណែងតាមបក្ខពួក ឬសែស្រឡាយនោះឡើយ ព្រោះប្រការនេះមិនទទួលបានការគោរពពីមន្ត្រីថ្នាក់ក្រោមនោះឡើយ។ ពាក់ព័ន្ធការតែងតាំងមុខតំណែងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងគ្នាដោយស្មើភាព។
សម្តេចក៏បានរំឭកដល់មន្ត្រីរាជការបន្ថែមទៀតថា ធ្វើការងារអ្វីមួយត្រូវតែមានផែនការជាក់លាក់ ដូចជាពាក្យស្លោកខ្មែរថា «គិតមុនគូរ»៕