(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា ទិវាយោគៈអន្តរជាតិលើកទី៤ (4th International Day of YOGA) នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។
សន្និសិទសារព័ត៌មានខាងលើ ត្រូវបានរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក អ៊ុក ដាវិន អនុប្រធាននាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត ម៉ានីកា ជេន បានឲ្យដឹងថា ព្រឹត្តិការណ៍យោគៈអន្តរជាតិលើកទី៤នេះ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ហើយនៅថ្ងៃដដែលនោះ ព្រឹត្តិការណ៍នេះក៏នឹងត្រូវបានរៀបចំឡើងនៅឆ្នេរសុខា នៃខេត្តព្រះសីហនុផងដែរ។ បន្ទាប់មកព្រឹត្តិការណ៍យោគៈពីរទៀត នឹងត្រូវបានរៀបចំនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ទល់មុខប្រាសាទអង្គវត្ត និងនៅមុខសាលាខេត្តបាត់ដំបង។
លោក សូ វិសុទ្ធី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះការអប់រំសុខភាពប៉ុណ្ណោះទេ តែបានផ្តល់ការអប់រំផ្លូវចិត្ត ធ្វើឲ្យស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព ហើយក៏ជាកីឡាទេសចរណ៍ (Sport Tourism)ផងដែរ ដែលបានទាក់ទាញ និងផ្សព្វផ្សាយទេសចរណ៍មួយដ៏សំខាន់ ព្រមទាំងបានចូលរួមចំណែកនាំយកនូវកំណើនទេសចររាប់លាននាក់ និងចំណូលជាង ៦០០ពាន់លានដុល្លារ ក្នុងពិភពលោកក្នុងមួយឆ្នាំៗ។
លោកថា ក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាច្រើន និងបានជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោក ដើម្បីបានស្គាល់កម្ពុជាកាន់តែច្បាស់ ពិសេសនៅពេលថ្មីៗនេះ ប្រាសាទអង្គរវត្តកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ពីទីភ្នាក់ងារប្រឹក្សាយោបល់ទេសចរណ៍ពិភពលោក TripAdvisor ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើលោក សម្រាប់ឆ្នាំ២០១៨ ដែលកំពុងជួយលើកមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។
លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាទទួលបានផលចំណេញច្រើនលើផ្នែកផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិដោយមិនចាំបាច់ចំណាយថវិកាច្រើន ពិសេសទីផ្សារឥណ្ឌាជាទីផ្សារធំមួយសម្រាប់កម្ពុជា។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណជាង៧លាននាក់ នៅឆ្នាំ២០២០។
លោក អ៊ុក ដាវិន បានបញ្ជាក់ថា ក្រសួងអប់រំនឹងរៀបចំឲ្យមានសិស្សានុសិស្សក្នុងរាជធានី-ខេត្តទាំងបួននេះ ចូលរួមក្នុងព្រឹត្តិការណ៍យោគៈអន្តរជាតិឲ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍ដ៏ធំនេះ បានចូលរួមអប់រំសុខភាព ផ្តល់ការអប់រំផ្លូវចិត្ត ធ្វើឲ្យស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព ដែលជាវិធីដ៏ល្អមួយអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តដល់ពួកគេ។
លោកស្រីឯកអគ្គរដ្ឋទូត ម៉ានីកា បានឲ្យដឹងទៀតថា យោគៈ (YOGA) មានដើមកំណើតនៅភាគខាងជើងប្រទេសឥណ្ឌា តាំងពី៥,០០០ឆ្នាំមុនមកម៉្លេះ ដែលត្រូវបានកែច្នៃ និងអភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់។ នៅខែធ្នូ ឆ្នាំ២០១៤ អង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការថា ថ្ងៃទី២១ ខែមិថុនា គឺជាទិវាយោគៈអន្តរជាតិ ដែលត្រូវប្រារព្ធក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក។
សូមជម្រាបថា ព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវបានបើកជូនជាសាធារណៈដោយឥតគិតថ្ងៃ ដល់អ្នកចូលរួមទាំងអស់។ អ្នកចូលរួមអាចចុះឈ្មោះតាមអនឡាញ ដើម្បីទទួលបានអាវយឺតយោគៈដ៏ស្អាតមួយដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata Co.Ltd។ ចំណែក Link ចុះឈ្មោះ នឹងត្រូវបើកដំណើរការនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ៕