(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណៈ និងដឹកជញ្ជូន បានបដិសេធទាំងស្រុងជុំវិញព័ត៌មានមួយចំនួន ដែលលើកឡើងថា ការមិនសាងសង់គម្រោងផ្លូវរថភ្លើង លើអាកាសនៅកម្ពុជាពេលនេះ ដោយសារតែជប៉ុនមិនផ្ដល់លុយឲ្យ។
លោកទេសរដ្ឋមន្ដ្រីថា ការមិនទាន់សាងសង់នេះ ដោយសារតែជប៉ុន និងកម្ពុជាកំពុងសិក្សាទៅលើគម្រោងនេះ ឲ្យបានច្បាស់លាស់ជាមុនសិន មិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនមិនផ្ដល់លុយឲ្យនោះឡើយ។
ការបដិសេធចោលបែបនេះ របស់លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើគម្រោងមូលនិធិរវាង UNDP ជាមួយនឹងក្រុមហ៊ុន Grab ដើម្បីចរាចរណ៍ប្រកបដោយសុវត្ថិភាព និងបរិស្ថានស្អាត សម្រាប់គ្របគ្នា នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា «មានមតិមួយចំនួនបានលើកឡើងថា ជប៉ុនមិនឲ្យលុយសាងសង ផ្លូវរថភ្លើងលើអាកាសនេះទេ ដោយសារតែគេមិនពេញចិត្តរាជរដ្ឋាភិបាល។ ខ្ញុំសូមជម្រាបឲ្យច្បាស់ថា មិនមែនដូច្នេះទេ រដ្ឋាភិបាលជប៉ុនបានឯកភាព ទៅតាមការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការសាងសង់ផ្លូវរថភ្លើលើអាកាសនេះឯង។ ប៉ុន្ដែការសិក្សាត្រូវប្រើប្រាស់ ពេលវេលាយូរ ដូច្នេះទើបមានភាពយឺតយ៉ាវ ក្នុងនោះដែរ ជប៉ុនបានជួបពិភាក្សា ជាមួយសាធារណជន២ដងហើយ អំពីគម្រោងនេះ ហើយក្នុងខែមិថុនានេះ ជប៉ុនគ្រោងជួបម្ដងទៀត ដើម្បីពន្យល់ដល់បងប្អូនឲ្យបានដឹង អំពីការសាងសង់ផ្លូវរថភ្លើងនេះឯង ទាំងនេះបញ្ជាក់ថា មិនមែនរដ្ឋាភិបាលជប៉ុន មិនជួយនោះឡើយ»។
លោកទេសរដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងថា មានពាក្យចចាមរ៉ាមមួយចំនួនលើកឡើងថា គេមិនឲ្យលុយសាងសង់ទេ រីឯអ្នកខ្លះទៀតថា គម្រោងនេះត្រូវសាងសង់ឆ្នាំនេះ មិនមែនទេការសាងសង់ ត្រូវប្រើពេលវេលាសិក្សារយៈពេល១-២ឆ្នាំ ទើបអាចរៀបចំបានត្រឹមត្រូវ ព្រោះខាងជប៉ុនប្រើប្រាស់ពេលវេលាយូរណាស់ ក្នុងការសាងសង់អ្វីមួយឲ្យលេចចេញជារូបរាង។
លោកបញ្ជាក់ទៀតថា «អ្នកដែលបង្ហោះព័ត៌មាន តាម Facebook ដែលជាព័ត៌មានក្លែងក្លាយនេះ សូមកែតម្រូវឡើងវិញផង»។
លោកបន្ថែមទៀតថា ផ្លូវរថភ្លើងលើអាកាសនេះ មានចំងាយ១៨គីឡូម៉ែត្រ ពីផ្សារថ្មីទៅព្រលានយន្ដហោះ ហើយគម្រោងនេះ មានទាំងនៅលើអាកាស និងនៅក្រោមដី ព្រោះថានៅជិតព្រលានយន្ដហោះ មិនអាចធ្វើរថភ្លើងលើអាកាសបានឡើយ ហើយក្នុង១៨គីឡូម៉ែត្រនេះ មានក្រោមដីចំនួន៤គីឡូម៉ែត្រ និងលើអាកាសចំនួន១៤គីឡូម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងសាងសងរថភ្លើងលើអាកាសនេះ ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់ និងមានប្រវែង ១៨គីឡូម៉ែត្រ ដោយរត់កាត់ពីលើដងវិថី សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕