(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រៀបចំសន្និសីទសារព័ត៌មាន ប្រកាសអំពីត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ជាលើកដំបូង ក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «កំណត់ទ្រព្យទេសចរណ៍កម្ពុជា» រយៈពេល៣ថ្ងៃ ដើម្បីចូលរួមជំរុញពង្រីកគោលដៅទេសចរណ៍នានា នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងនៅអគារ PPIU ជាន់ទី១១ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ពិព័រណ៍ទេសចរណ៍នេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមសហការពីសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងក្រុមហ៊ុន SlickBooth។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលដៅលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ស្វែងយល់បន្ថែមពីសក្កានុពល និងទទួលបានព័ត៌មាន ពីបច្ចុប្បន្នភាពទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការប្រមូលផ្ដុំរវាងអ្នកផលិតជួបជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ជួបជាមួយអ្នកផ្គត់ផ្គង់ទាំងអស់គ្នា ដើម្បីផ្ដល់ជូនដល់អ្នកទទួលសេវាកម្មផងដែរ។
លោកស្រីបានលើកឡើងថា ក្នុងពិព័រណ៍នោះដែរមានការដាក់តាំងពិព័រណ៍ផលិតផលជាច្រើនរហូតទៅដល់១៥០ស្ដង់ ដែល១០០ស្ដង់ គឺជាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំណែកឯ៥០ស្ដង់ទៀត គឺជាសមាគមស្រ្តីកម្ពុជា សម្រាប់តាំងឲ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិបានចូលរួម ដើម្បីទទួលបាននូវអ្វីដែលជាស្នាដៃរបស់កូនខ្មែរ និងទទួលបាននូវចំណេះដឹងផ្សេងៗបន្ថែមទៀត។
លោកស្រីបានបន្តថា «សម្រាប់កំណប់ទ្រព្យទេសចរណ៍នេះដែរ គឺផ្ដោតទៅលើអ្វីដែលបានលាក់ទុក ហើយមានតម្លៃនោះ ដែលយើងមិនបានដឹង និងចាប់អារម្មណ៍ ដែលក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍នានា, វប្បធម៌, ធម្មជាតិ, រមណីយដ្ឋានប្រវិត្តសាស្រ្ត ដែលមិនអាចកាត់ថ្លៃបាន និងផលិតផលក្នុងស្រុកជាច្រើនទៀតផងដែរ»។
លោកស្រីក៏បានរំពឹងទុកផងដែរថា ក្រោយពីពិព័រណ៍ក្នុងស្រុកឆ្នាំ២០១៨នេះទៅ នឹងមានការយល់ដឹង និងការលើកទឹកចិត្តដល់ម្ចាស់ រមណីយដ្ឋាននានា ក៏ដូចជាប្រជាសហគម នៅតាមគោដៅទេសចរណ៍នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា៕