Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកការដ្ឋានសាងសង់ ផ្លូវចាក់កៅស៊ូ ជាងប្រាំគីឡូម៉ែត្រ នៅខេត្តព្រៃវែង, លោក ឌិត ទីណា អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា

05-06-2018 13:43

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៥៦០០ម៉ែត្រ ស្ថិតនៅភូមិកាធំ និងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋឃុំចាមយ៉ាងច្រើនកុះករផងដែរ។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ លោករដ្ឋលេខាធិការ បានស្នើសុំឲ្យប្រជាជនទាំងអស់ចូលរួម ថែរក្សាផ្លួវថ្នល់ដែលបានកសាងឡើងទាំងអស់ រួមគ្នាព្រោះនេះជារបស់បងប្អូនទាំងអស់គ្នាហើយបើបានផ្លូវស្អាត ហើយសូមមេត្តាបើកបរឲ្យប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោករដ្ឋលេខាធិការបន្ថែមថា ការសាងសង់ផ្លូវនាពេលនេះ មិនមែនជាការកសាងលើកចុងក្រោយទេ ឲ្យតែបងប្អូនបន្តការគាំទ្ររាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនយើង នឹងរួបរួមគ្នាបន្តការកសាងសមិទ្ធិផលនានាបន្ថែមទៀត ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមនេះ លោកក៏សូមអំពាវនាវសូមឲ្យបងប្អូនប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថៃ្ងទី២៩ ខែកក្កដា ខាងមុខ ហើយសូមឲ្យទៅបោះឆ្នោតគ្រប់ៗគ្នាកុំបីខាន៕