(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ហុង លឹមហ៊ុន សហការជាមួយមន្ត្រីមន្ទីរពិសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្ម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ នៅផ្សារពោធិ៍ចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងបានអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករផងដែរ។
មន្ត្រីមន្ទីរពិសោធន៍ បានធ្វើតេស្តបឋមលើបន្លែ ដើមខាត់ណា ជ្រកស្ពៃ សណ្ដែកគួរ ម្ទេសប្លោក ខ្ញីហាន់ ស្ពៃខ្មៅ សសៃគុយទាវ និងគ្រឿងសមុទ្រ ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់។
ជាលទ្ធផល មិនមានវត្តមានសារធាតុគីមីដែលច្បាប់ហាមឃាត់ លើផលិតផលខាងលើឡើយ។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញ ការមើលកាលបរិច្ឆេទ មុននឹងទិញទំនិញមកលក់បន្ត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផល ទំនិញ ម្ហូបអាហារ របស់ខ្លួន៕