(សៀមរាប)៖ លោក Guillaun NARJOLLET សហប្រធានបារាំង នៃកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ (អាយស៊ីស៊ី-អង្គរ) បានថ្លែងថា ការងារថែរក្សា និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែទទួលបានជោគជ័យហើយ នៅពេលបច្ចុប្បន្ននេះ។
លោកថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៥ និងទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ សហប្រធាន នៃកិច្ចប្រជុំនេះ គឺប្រទេសបារាំង និងជប៉ុន ហើយមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងតំណាងស្ថានទូតនានា ក្រុមអ្នកជំនាញការជាតិ និងអន្ដរជាតិ។
លោក Guillaun NARJOLLET បានបន្តថា អស់រយៈពេល២៥ឆ្នាំមកហើយ ដែលរមណីយដ្ឋានអង្គរត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ហើយក្នុងរយៈពេល ២៥ឆ្នាំនេះ ពិភពលោកទាំងមូល មានភាពរំជើបរំជួលចំពោះសំណង់ ស្ថាបត្យកម្ម នៃប្រាសាទអង្គរវត្ត ហើយពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរកាន់តែច្រើន បានមកទស្សនារមណីយដ្ឋានអង្គរ។
លោកក៏បានពន្យល់ថា អាយស៊ីស៊ី-អង្គរ ទទួលបានជោគជ័យយ៉ាងខ្លាំង ជាបន្ដបន្ទាប់នៅក្នុងរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣មក ធ្វើឱ្យរមណីយដ្ឋានអង្គរប្រែក្លាយ ពីសម្បត្តិបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាសម្បត្តិបេតិកភណ្ឌមួយដ៏ពេញលេញ និងជាគោលដៅទេសចរណ៍ ដ៏លេចធ្លោក្នុងពិភពលោកហើយភ្ញៀវទេសចរ មានការកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែកំណើននេះ ក៏ជាការគំរាមកំហែងដល់អង្គរដែរ ដូច្នេះយើងមិនត្រូវរីករាយ ជាមួយនឹងភាពជោគជ័យនេះទេ យើងត្រូវផ្តោតសំខាន់នូវការរៀបចំគោលនយោបាយ និងអនុវត្តនូវវិធានការផ្សេងៗ ដែលអាចឲ្យយើងធានាបាន នូវតុល្យភាពរវាងកំណើនវិស័យទេសចរណ៍ និងកិច្ចការអភិរក្ស។
សហប្រធានបារាំងរូបនេះ ក៏បានបង្ហាញពីភាពរីករាយចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការជាតិ និងអន្ដរជាតិដែលធ្វើឲ្យរមណីយដ្ឋានអង្គរ មានភាពលេចធ្លោមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងការអបអរសាទរ លោក Guillaun NARJOLLET ក៏បានរំលឹកដែរថា ការរីករាយជាមួយនឹងភាពជោគជ័យ នឹងអាចនាំឲ្យយើងបរាជ័យដែរ បើយើងធ្វេសប្រហែលនៅចំណុចណាមួយនៅក្នុងតំបន់អង្គរ។
លោកស្រី Ann LEMEISTRS តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានបង្ហាញការពេញចិត្តជាខ្លាំងពេលឃើញរមណីយដ្ឋាអង្គរមានការអភិវឌ្ឍ ហើយអាជ្ញាធរជាតិអប្សរា បានគិតគូរហ្មត់ចត់ជាមុនពីផលលំបាក និងចំណុចប្រឈមនានាដែលអាចនឹងកើតឡើងក្នុងរមណីយដ្ឋានអង្គរផងដែរ។
លោកស្រីក៏បានអរគុណដល់អ្នកចូលរួមទាំងអស់ក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលបានធ្វើឲ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោរហូតមកដល់សព្វថ្ងៃ ហើយសង្ឃឹមថា អ្នកទាំងនោះនឹងបន្តការងារដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរបន្តទៀត៕