(បន្ទាយមានជ័យ)៖ នៅទីបំផុត! ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ រហូតដល់ថ្ងៃរសៀល ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធនឹងនារីឈ្មោះ កែ លីតា ដែលស្ថិតនៅក្នុងរូបភាព និងវីដេអូជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មានជាច្រើននាក់។
ក្រោយការឆ្លើយឆ្លងគ្នាពីសំណាក់អ្នកពាក់ព័ន្ធនៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេចចាប់ផ្សឹកព្រះចៅអធិការដែលពាក់ព័ន្ធជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នារវាងភាគីទាំង២ នឹងធ្វើឡើងនៅពេលក្រោយ។
សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង។
ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។
ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ បាននិយាយថា លោកក៏ធ្លាក់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅឱ្យលោកដោះអំពើដោយអុជធូក ហើយម្នាក់ៗសុទ្ធតែក្តៅដែលត្រូវអំពើរបស់គេ។ ដោយឡែក នៅលើបណ្តាញសង្គម Facebook ស្រ្តីម្នាក់ដែលមានអាខោនឈ្មោះ MoTa Gimmick បានបង្ហោះសារថា «ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកហុសថាទៅមើលជំងឺនៅសុរិន»។
សូមបញ្ជាក់ថា កន្លងទៅបុគ្គលសង្ឃមួយចំនួន ដែលគ្រប់ទៅដោយស្បង់ចីវរ បានលួចទំនាក់ទំនងស្នេហាជាមួយស្រី ដែលជាកត្តាដឹកនាំវិស័យសាសនា កាន់តែធ្លាក់ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងខ្លាំងក្លា ធ្វើឱ្យវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ រីកចម្រើនកាន់តែខ្លាំងឡើងនោះ៕