(សានទុង)៖ ក្រោយបញ្ចប់កិច្ចប្រជុំអន្តរជាតិ The First Shanghai Cooperation Organization (SCO Media Summit) ប្រកបដោយភាពជោគជ័យហើយ រដ្ឋាភិបាលចិនបានអញ្ជើញប្រធានអង្គភាព-ស្ថាប័នព័ត៌មានមកពីប្រទេសទាំង១៨ ក្នុងនោះក៏មានអង្គភាពព័ត៌មាន Fresh News របស់កម្ពុជាផងដែរ ដោយបន្តទស្សនកិច្ច នៅខេត្តសានទុង ដែលជាទឹកដីកំណើតរបស់អ្នកប្រាជ្ញ និងជាទស្សនវិទូដ៏ល្បីល្បាញរបស់ចិន គឺលោក ខុង ជឺ។

លោក លឹម ជាវុត្ថា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរួមគ្នាឆ្ពោះទៅខេត្តសានទុងនោះ ធ្វើដំណើរតាមរថភ្លើងល្បឿនលឿន៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានចាប់ផ្ដើមនៅថ្ងៃទី០២ ខែមិថុនា ពោលក្រោយបញ្ចប់កិច្ចប្រជុំ SCO Media Summit បានមួយថ្ងៃ និងបានត្រឡប់មករដ្ឋធានីប៉េកាំងវិញ នាយប់ថ្ងៃទី០៣ ខែមិថុនា។ ខេត្តសានទុង ទឹកដីកំណើតរបស់អ្នកប្រាជ្ញ ខុង ជឺ គឺជាទីដែលលោក លឹម ជាវុត្ថា ប៉ងប្រាថ្នាចង់ទៅជាយូរមកហើយ។

អង្គុយទទួលទានអាហារប្រពៃណីចិនដ៏ឆ្ងាញ់ពិសា, លេងល្បែងល្បងប្រាជ្ញារបស់ ខុងជឺ, រៀនសរសេរអក្សរចិន និង ស្ដាប់សំឡេងពិណដ៏ពិរោះគ្រលួច អង្រួនសោតិន្ទ្រីយារម្មណ៍ភ្ញៀវឲ្យអន្លងអន្លោចតាមចង្វាក់តន្ត្រី ជាមួយសម្លៀកបំពាក់បែបបុរាណចិនគ្របត្រជាក់ពេញប្រាណផងនោះ ហាក់បង្ហាញថា វត្តមានគណៈប្រតិភូអន្តរជាតិនាពេលនោះ ប្រៀបដូចជាគណៈប្រតិភូមួយ ក្រុមធំជួបជុំគ្នាពិភាក្សាការងារយ៉ាងគគ្រឹកគគ្រេង ក្នុងផ្ទះបុរាណដ៏ធំមួយ ក្បែរផ្ទះលោក ខុង ជឺ យ៉ាងអ៊ីចឹង។

និយាយដល់រឿង ខុង ជឺ អង្គភាពព័ត៌មាន Fresh News សូមបើកវង់ក្រចរៀបរាប់ពីប្រវត្តិទស្សនវិទូចិនដ៏ល្បីល្បាញរូបនេះបន្តិច។ ខុង ជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង «សូក្រាត» បិតាទស្សនវិជ្ជានៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះរបស់លោកគឺ «ជឺ» ស្ថិតនៅក្នុងកុលសម្ព័ន្ធ «លូ»។ វង្សត្រកូលរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវ ត្រកូលនេះមានពូជពង្សមកពីរាជវង្ស‍ ‍«ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិននាសម័យរដ្ឋកាលចូវ។ ដោយសារសង្រាមវាយលុក ពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិសពាយ័ព្យទន្លេលឿង រាជវង្សចាង ក៏ត្រូវរលាយបាត់រលត់ក្នុងសង្រ្គាម ឯសមាជិកគ្រួសារដែលរួចផុតពីសេចក្តីស្លាប់ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធលូ។

ខុង ជឺ កើតនៅឆ្នាំ៥៥១ មុន គ.ស ក្នុងទីងងឹតនៃកំហែងថ្មភ្នំមួយ នៅស្រុកចាងតុងក្បែរវាលចិញ្ចឹមសត្វរបស់លោកមា នៃសន្តិវង្សលូ។ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ ខុង ជឺ មានអព្ភូតហេតុចម្លែកគួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង រន្ទះ រញ្ជួយភ្នំភ្លើង។ ខុង ជឺ កំព្រាឪពុកតាំងពីអាយុ៣ឆ្នាំ ហើយមានចិត្តសប្បុរសធម៌តាំងពីក្មេង តែគាត់រស់ក្នុងជីវភាពទីទល់ក្រ។ លុះអាយុ២០ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះ លី។ ដោយកាខិតខំស្រាវជ្រាវ ខុង ជឺ បានក្លាយជាគ្រូម្នាក់ដែលចេះដឹងសព្វមុខវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ខុង ជឺ ចេះទស្សទាយ ជាអ្នកបង្ហាត់បង្រៀនឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា គាត់ជាអាចារ្យរាប់ពេលរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗផងដែរ។

កិត្តិនាមរបស់ ខុង ជឺ ល្បីល្បាញពេញស្រុកចាងស៊ី ហើយពេលនោះ ទស្សនវិជ្ជារបស់ ខុង ជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធនាមឲ្យគាត់ថា «ជូ» មានន័យថា បណ្ឌិតចាប់ពីពេលនោះមក។ នៅអាយុ៤៩ឆ្នាំ ខុង ជឺ ត្រូវបានព្រះមហាក្សក្រតែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងព្រះបរមរាជវាំង។

ខុង ជឺ បានផ្សព្វផ្សាយទស្សនវិជ្ជារបស់គាត់ពាសពេញប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់យល់ដឹងនូវតម្លៃរបស់ខ្លួន និងចង់កែប្រែរបៀបអប់រំសីលធម៌ តែត្រូវព្រះមហាក្សត្រលូជំទាស់។ ដោយវិបត្តិនយោបាយ ខុង ជឺ បានភៀសខ្លួនពីស្រុកមួយទៅស្រុកមួយអស់រយៈពេល១៣ឆ្នាំ។ ខុង ជឺ បានវិលត្រឡប់ចូលស្រុកលូវិញក្នុង ជន្មាយុ៧០ឆ្នាំ។ ខុង ជឺ បានផ្សាយទស្សនវិជ្ជារបស់គាត់អស់រយៈពេល១៣ឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង។ ខុង ជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ក្បួនខ្នាតប៉ុណ្ណោះទេ ថែមទាំងជាអ្នកដឹកនាំប្រជាជនឲ្យអនុវត្តន៍នូវទំនៀមទម្លាប់ចាស់ឲ្យរីកចម្រើនឡើងវិញ គេសង្កតឃើញប្រជាជនចិនចាប់ប្រើក្រដាស និងជក់ខ្មៅ ដុសថ្នាំសម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតារាល់ឆ្នាំតាំងពីសម័យ ខុង ជឺ មក។ គាត់រស់បាន៣ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាពក្នុងឆ្នាំ៤៧៩ មុន គ.ស។

រវល់តែស្ដាប់រឿង ខុង ជឺ រាត្រីកាលក៏ចូលមកដល់មេឃងងឹតស្លប់ ធាតុអាកាសនៅទឹកដីកំណើត ខុង ជឺ ពិតជាត្រជាក់ស្រេបតែម្ដង ក្រុមរៃក៏បានបន្លឺស្នូរតន្ត្រីធម្មជាតិឡើង បំពេរភ្ញៀវក្នុងផ្ទះបែបបុរាណចិនដ៏ប្រណិតឲ្យលង់លក់ក្នុងស្បៃអន្តកាល រសាយអស់ភាពនឿយហត់ទាំងពួង។

ព្រឹកប្រហៀម អរុណោទ័យជះរស្មីពីទិសខាងកើត គណៈប្រតិភូបានបន្តដំណើរទៅទស្សនារូបសំណាក់បិតាទស្សនវិជ្ជាបុរាណចិន ខុង ជឺ យ៉ាងខ្ពស់ស្កឹមស្កៃ។ រូបសំណាក់ ខុង ជឺ ឈរត្រឹងប្រម៉ើលមើលទឹកដីដ៏សម្បូរសប្បាយរបស់ខ្លួន លើកដៃគោរពស្វាគមន៍គណៈប្រតិភូទាំងទឹកមុខញញឹមញញ៉េម។ គ្រានោះ លោក លឹម ជាវុត្ថា ស្រាប់តែពើបប្រទះនឹងអារម្មណ៍ នឹករឭកដល់សៀវភៅទស្សនវិជ្ជារបស់ ខុង ជឺ ជាច្រើនក្បាល ដែលលោកតែងតែអាន និងទុកលើតុធ្វើការរបស់លោកជាប់ជានិច្ច ថែមទាំងបានសរសេររំលេចលើព័ត៌មានរបស់ Fresh News ស្ទើររៀងរាល់ចុងសប្ដាហ៍ទៀតផង។

ទេសភាពដ៏ទាក់ទាញអមរូបសំណាក់ ខុង ជឺ បណ្ដាលឲ្យគណៈប្រតិភូគ្រប់គ្នាលាន់មាត់ស្ងើចសរសើរពីការរៀបចំតុបតែងលម្អរបស់អាជ្ញាធរចិន ពិសេសពួកគេមិនបណ្ដោយ អនុស្សាវរីយ៍នេះ រសាត់បាត់ដោយគ្រាន់តែឃើញមួយភ្លេតនោះឡើយ គណៈប្រតិភូគ្រប់គ្នាបានថតរូបភាពជាក្រុមផង ម្នាក់ឯងផង សម្រាប់ទុកជាអនុស្សាវរីយ៍រៀងៗខ្លួន។

ក្រោយចាកចេញពីទីតាំងរូបសំណាក់ ខុង ជឺ ខាងលើហើយ គណៈប្រតិភូបានបន្តទៅទស្សនាសារៈមន្ទីរ ខុង ជឺ ឬវិហារ ខុង ជឺ នៅភូមិសឹងយាន (Sheng Yuan) ស្ថិតនៅតំបន់នីសាន (Nishan) នៃក្រុងឈីហ្វូ (Qufu) ខេត្តសានទុងថែមទៀត ដែលបានកសាងឡើយតាំងពីជាង៧០០ឆ្នាំមុន ពោលតាំងពីឆ្នាំ១៣០០ជាងមកម្ល៉េះ។

ក្រោយពីបញ្ចប់ទស្សនកិច្ចនៅសារៈមន្ទីរ ខុង ជឺ រួចហើយ គណៈប្រតិភូទាំង១៨ប្រទេស ក៏បានត្រឡប់មករដ្ឋធានីប៉េកាំងវិញ នាយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ និងបន្តស្នាក់នៅរាជធានីប៉េកាំង មួយយប់ទៀត លុះថ្ងៃទី០៤ ខែមិថុនា ទើបគណៈប្រតិកូទាំងអស់ត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន៕