(កំពង់ចាម)៖ នាឱកាសអញ្ជើញជាគណៈអធិបតីនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់តាំងអនុវត្តន៍ផែនការឃោសនា ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកព្រៃឈរ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើក្រុមការងារចុះជួយភូមិឃុំទាំង១៥ ត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីអនុវត្តផែនការឃោសនាស្វែងរកសម្លេងឆ្នោត នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។
នៅក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានផ្តាំផ្ញើសមាជិកទាំងអស់ យកចិត្តទុកដាក់លើការកៀងគរថវិកា ការបែងចែកក្រុមការងារ ការបណ្តុះបណ្តាល ការរៀបចំសម្ភារៈនិងឧបករណ៍ផ្សព្វផ្សាយ និងមធ្យោបាយធ្វើដំណើរ ដើម្បីបម្រើសកម្មភាពឃោសនាបោះឆ្នោតឲ្យទទួលបានជោគជ័យតាមផែនការ។ លើសពីនេះលោកប្រធាន ក៏បានផ្តាំផ្ញើសមាជិកគោរពឲ្យបាននូវលក្ខន្តិកៈ និងក្រមសីលធម៌របស់គណបក្ស ក៏ដូចជាច្បាប់ស្តីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីទាក់ទាញការគាំទ្រពីប្រជាជនម្ចាស់ឆ្នោត។ ជាពិសេសធ្វើយ៉ាងណាឲ្យពួកគាត់យល់ច្បាស់ពីកម្មវិធីនយោបាយគណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ស្នាដៃធំៗជាប្រវត្តិសាស្រ្តរបស់គណបក្ស ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ រយៈពេល ៣៩ឆ្នាំ កន្លងមកនេះ។
«យើងត្រូវឈរលើសច្ចធ៌ម និងអំពើល្អរបស់គណបក្ស ដើម្បីឃោសនា និងប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីជំរុញសកម្មភាពឃោសនា និងប្រតិកម្មរហ័សឲ្យបានខ្លាំងក្លា និងប្រសិទ្ធភាព។ សូម ក្រុមការងារបំផុសការធ្វើសកម្មភាពសង្គម និងមនុស្សធម៌ ដែលគាំទ្រដល់យុទ្ធនាការឃោសនារបស់គណបក្ស ស្របតាមសភាពការជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ទន្ទឹមគ្នានេះ លោកប្រធានក្រុមការងារ ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់សមាជិកទាំងអស់ ធ្វើការចុះជួបប្រជាជនឱ្យបានដល់គ្រប់ខ្នងផ្ទះក្នុងភូមិនីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ចែកខិតប័ណ្ណឃោសនា បង្ហាញពីរបៀបគូសសន្លឹកឆ្នោត និងបំផុសចលនាប្រជាជន ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចៀសវៀងឲ្យបាននូវសកម្មភាពទាំងឡាយ ដែលច្បាប់បានហាមឃាត់។
សូមបញ្ជក់ថា ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ដូចជាប្រទេសកម្ពុជា។ ប្រជាពលរដ្ឋ គឺជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច និងជាម្ចាស់ឆ្នោត ក្នុងការជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គណបក្សនយោបាយទាំងអស់ មានកាតព្វកិច្ចចូលរួមហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ ក្នុងរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕