(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបកន្លែងលេងហ្គេមអ៊ិនធឺណិត និងភ្នាល់បាល់មួយកន្លែង ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានម្ចាស់ផ្ទះម្នាក់កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នៅ ចំណុចក្រុមទី១៤ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយបានលើកឡើងថា មានករណីលេងហ្គេមអ៊ិនធឺណិត និងភ្នាល់បាល់ នៅតំបន់ពួកគាត់រស់នៅនោះ លោកបានបញ្ជាឲ្យកម្លាំង១ក្រុម ចុះបង្រ្កាបទីតាំងនោះភ្លាមៗតែម្តង ដោយឃាត់ខ្លួនបានម្ចាស់ទីតាំងម្នាក់។
លោកបានបញ្ជាក់ទៀតថា ម្ចាស់ទីតាំងដែលសមត្ថកិច្ច បានឃាត់ខ្លួននោះមានឈ្មោះ កែវ មុន្នីឧត្តម អាយុ២៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូនីទ័រចំនួន១១គ្រឿង កុំព្យូទ័រ៨គ្រឿង ហាតឌីស្ក១គ្រឿង ម៉ៅកុំព្យូទ័រ១០គ្រឿង ឃីបត៨គ្រឿង ម៉ាស៊ីនព្រីនធំ១គ្រឿង ម៉ាស៊ីនព្រីនតូច២គ្រឿង អាំងវែកទ័រទប់ភ្លើង២គ្រឿង ក្រដាសព្រីខ្នាតតូច១៦ដុំ ម៉ាស៊ីនគិតលុយ១គ្រឿង កៅអីពូក២ កៅអីជ័រ៧ លុយខ្មែរ៤០ម៉ឺនរៀល លុយដុល្លារ៣០ដុល្លារ។
លោកបន្ថែមទៀតថា ករណីបង្ក្រាបកន្លែងលេងហ្គេមអ៊ីនធឺណិត និងភ្នាល់បាល់នេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចរាល់ហើយ ៕