(ភ្នំពេញ)៖ មេឆ្នោតវៀតណាមម្នាក់ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យទៅផ្ទះវិញ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ។
ចំណែកស្ត្រីមេកន្ទុយលេខជាប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៖ មេឆ្នោត២នាក់ប្តីប្រពន្ធ រួមមាន៖ ប្តីឈ្មោះ ញឹម កុសល អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ មួយ ហៀង អាយុ៣៥ឆ្នាំ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ជាអភិបាលរងខណ្ឌ បានចុះបង្ក្រាបផ្ទះបើកល្បែងឆ្នោតវៀតណាម មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ចំណុចផ្សារក្រមួន ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលើកទី២ និងឃាត់បានជនសង្ស័យ២នាក់ ដូចមានឈ្មោះខាងលើ។
នៅពេលចុះបង្ក្រាប អាជ្ញាធរដកហូតបាន៖ លុយដុល្លារ៣៧៥ដុល្លារ, លុយខ្មែរ៥,០៧០,០០០រៀល, តុ១, កៅអី២ និងក្រដាសកត់ឆ្នោតតវៀតណាមមួយចំនួនទៀត។
គួររំលឹកថា ជនសង្ស័យឈ្មោះ ញឹម កុសល ជាប្តី និងឈ្មោះ មួយ ហៀង ជាប្រពន្ធ ធ្លាប់ត្រូវបានសមត្ថកិចឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម្តងរួចហើយ។
ប៉ុន្តែនៅពេលសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ លោកព្រះរាជអាជ្ញារង ចែ សុង បានដោះលែងស្ត្រីសង្ស័យជាប្រពន្ធ ឲ្យមានសេរីភាពវិញ ដោយចោទប្រកាន់តែជនសង្ស័យជាប្តី បញ្ជូនឲ្យចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួនបានមួយរយៈក៏ស្រាប់តែបែកធ្លាយ រឿងចុះចាប់នម្តងទៀត មុខសញ្ញា និងមុខរបរដដែល៕