(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅលើកទឹកខេត្តកណ្តាល ដូចសារព័ត៌មានមួយចំនួនលើកឡើងឡើយ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់អាសកាសចរណ៍ស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានក្នុងស្រុក និងបណ្តាញសង្គមមួយចំនួន ចុះផ្សាយថា គម្រោងព្រលានយន្តហោះថ្មី នៅក្នុងខេត្តកណ្តាល ត្រូវបានលុបចោលដោយសារហេតុផលមួយចំនួន។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «ការជ្រើសរើសទីតាំងនេះ [ទីតាំងព្រលានយន្តហោះ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល] គឺមានការសិក្សាគ្រប់ជ្រុងជ្រោយ មិនមែនចេះតែចាប់ដាក់ៗ ដូចសង់ផ្ទះ ឬសង់លូនោះទេ»។
អ្នកនាំពាក្យរូបនេះ ក៏បានបង្ហាញការសោកស្តាយ ចំពោះព័ត៌មានដែលលើកឡើងថា ព្រលានយន្តហោះថ្មីនេះត្រូវបានលុបចោល មិនគួរកើតឡើងនូវព័ត៌មានបែបនេះទេ។
សូមជម្រាបថា គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី គ្រោងនឹងត្រូវសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២)។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួមគ្នា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕