(ព្រះសីហនុ)៖ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចែកចាយវីដេអូមួយពេញបណ្ដាញសង្គម Facebook ដោយឃើញបុរសជនជាតិចិនម្នាក់ ស្លៀកឯកសណ្ឋានយោធា ពាក់ផ្កាយមួយ ហើយជិះក្នុងឡានពាក់ស្លាកលេខខេមរភូមិន្ទ និងនិយាយភាសាចិន ធ្វើផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះករណីនេះ។
ក្រោយផ្ទុះករណីនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវភ្លាមៗ ហើយឈានរហូតដល់ការឃាត់ខ្លូនជនជាតិចិនរូបនេះ នៅក្នុងខារ៉ាអូខេ សៀង ហៃ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។
មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែមិថុនានេះ នៅខារ៉ាអូខេសៀងហៃ កម្លាំងអាវុធហត្ថរបស់លោកបានឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលពាក់ឯកសណ្ឋានយោធាផ្កាយមួយ និងជិះក្នុងឡានពាក់ស្លាកលេខខេមរភូមិន្ទ ដើម្បីយកទៅសួរនាំ និងចាត់ការបន្ដតាមច្បាប់។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ជនជាតិចិនដែលបានឃាត់ខ្លួននេះ ឈ្មោះ ចាង ជិង សឹន អាយុ៤២ឆ្នាំ មិនមែនជាយោធាពិតប្រាកដនោះទេ ពោលរូបគេបានធ្វើដំណើរមកពីម៉ាកាវ ហើយមកដល់ខេត្តព្រះសីហនុចំនួន២ថ្ងៃហើយ ដោយមានមិត្តភ័ក្រចាំទទួល។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា បើតាមការអះអាងរបស់ជនជាតិចិនរូបនេះ ពេលខ្លួនមកដល់ស្រុកខ្មែរក៏មានអ្នកទៅទទួល ហើយឃើញក្នុងឡាននោះមានឯកសណ្ឋានយោធា ទើបខ្លួនយកមកពាក់លេងហើយថតបង្ហោះ Facebook ស្រាប់តែផ្ទុះការរិះគន់ និងត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនជាតិចិនខាងលើ ត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្ដការសួរនាំ និងពិនិត្យបទល្មើសជាក់ស្ដែង ដើម្បីរង់ចាំការសម្រេចរបស់ថ្នាក់លើទៅតាមនីតិវិធី៕