(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបករណីកាត់តដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាត នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រតិបត្តិការនេះ ធ្វើឡើងនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃើញរថយន្តចំនួន ១០គ្រឿង ក្នុងនោះរថយន្តបានតម្លើងរួចចំនួន ៥គ្រឿង(ម៉ាក lexus ៣គ្រឿង camry hybrigde ១គ្រឿង និង highlander ១គ្រឿង) និងចំនួន៥គ្រឿងទៀត ដំឡើងពុំទាន់រួច (ម៉ាកlexus ២គ្រឿង camry hybrigde ១គ្រឿង និងpruis ២គ្រឿង)។
ចំពោះវត្ថុតាងទាំងអស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលើចំនួន៥គ្រឿង(រថយន្តតម្លើងពុំទាន់រួច) និងចំនួន ៥គ្រឿងដែលបានដំឡើងរួច បានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន និងបាននាំមេការឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមច្បាប់៕