(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងរដ្ឋាភិបាលស៊ុយអែត នឹងសហការរៀបចំសន្និសីទកាសែត ស្តីពីធ្វើសមាហរណកម្មផែនការ អំពីការចូលរួមចំណែករបស់ភាគីរដ្ឋ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុនៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ក្រោមប្រធានបទ «ទម្លាប់ប្រតិបត្តិល្អៗនៅថ្នាក់អន្តរជាតិ និងទិសដៅសម្រាប់ប្រទេសកម្ពុជា» នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក.ជ.អ.ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សន្និសីទនេះ នឹងធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច លោកស្រី Maria Sargren ឯកអគ្គរាជទូត នៃប្រទេសស៊ុយអែត និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន អ្នកពិភាក្សា និងអ្នកពាក់ព័ន្ធប្រមាណ១២០នាក់ មកពីស្ថាប័នសំខាន់ៗនៅក្នុងតំបន់ អង្គការអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ វិស័យេកជន និងអង្គការសង្គមស៊ីវិលផងដែរ។
សន្និសីទនេះ នឹងផ្តោតទៅលើការបែងចែករំលែកព័ត៌មានរួមមានទី១៖ អំពីទំនាក់ទំនងរវាងការប្តេជ្ញាចិត្តអនុវត្តយុទ្ធសាស្ត្រ ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ច, ទី២៖ អំពីការចូលរួមរបស់រដ្ឋភាគក្នុងការអនុវត្តអនុសញ្ញា និងគោលដៅអភិវឌ្ឍន៍ចីរភាព និងទី៣៖ ឱកាសសម្រាប់សមាហរណកម្ម ការរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញាទៅក្នុងផែនការអភិវឌ្ឍន៍គ្រប់កម្រិតក្នុងប្រទេសកម្ពុជា៕