(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១០ ដែលជាសម័យលើកចុងក្រោយ សម្រាប់នីតិកាលទី៥ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីពិនិត្យ និងអនុម័តលើច្បាប់ចំនួន៣ ស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីប្រធានគណៈកម្មការទាំង១០នៃរដ្ឋសភាផងដែរ។
សេចក្តីព្រាងច្បាប់ ដែលនឹងលើកទៅប្រជុំអនុម័តនោះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច«គ» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា។
លោក ឡេង ប៉េងឡុង បានពន្យល់ថា សម័យប្រជុំលើកទី១០នេះ មានរយៈពេល៣ខែ ប៉ុន្តែបន្ទាប់ពីបញ្ចប់សម័យប្រជុំនេះ រដ្ឋសភា នីតិកាលទី៥ នឹងសម្រាករហូតដល់រៀបចំរដ្ឋសភា នីតិកាលថ្មីចាប់កំណើត៕