(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលជំនាញបានចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវរងារជាង៤គីឡូក្រាម បម្រុងនាំចេញទៅប្រទេសជប៉ុន។
បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនទាំង២នាក់ខាងលើនេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីទទួលព័ត៌មានសង្ស័យពី ស្ថាប័នគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ, កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដំណើរការសហការត្រួតពិនិត្យស៊ើបអង្កេត លើមុខសញ្ញាសង្ស័យ២នាក់។
នាយឧត្តមសេនីយ៍អគ្គស្នងការរង បញ្ជាក់ថា ជាលទ្ធផលកម្លាំងជំនាញ បានត្រួតពិនិត្យរកឃើញសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE បង្កប់ក្នុងអាវរងារចំនួន៣ មានទម្ងន់៤.៥០៧គីឡូក្រាម ដែលជនសង្ស័យទាំង២នាក់នេះ នាំមកពីប្រទេសថៃ ហើយត្រូវបានមេក្លោងនៅខេត្តសៀមរាប រៀបចំឲ្យនាំគ្រឿងញៀននេះមកភ្នំពេញ ដើម្បីបន្តទៅដំណើរតាមយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ ណារីតា ប្រទេសជប៉ុន ដោយមានអ្នកចាំទទួល។
ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងនាំយកទៅការិយាល័យជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕