(ភ្នំពេញ)៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែសវនាការនេះ ធ្វើឡើងជាអសាធារណៈ។
មន្ត្រីសាលាឧទ្ធរណ៍ បានថ្លែងថា សវនាការនេះ នឹងធ្វើជាអសាធារណៈ ព្រោះជារឿងមុនអង្គសេចក្តី ដោយពុំអនុញ្ញាតឱ្យអ្នកមិនពាក់ព័ន្ធចូលរួមសវនាការឡើយ។ ទន្ទឹមនឹងនេះ លោក កឹម សុខា ក៏មិនបានមកចូលរួមក្នុងសវនាការនេះផងដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទល្មើសសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ តាមច្បាប់បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃនៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ៕