(កំពង់ស្ពឺ)៖ រយៈពេល២ថ្ងៃ នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានទទួលលទ្ធផលល្អប្រសើរ ដោយមានប្រជាពលរដ្ឋ មកព្យាបាលយ៉ាងច្រើនកុះករ ប្រមាណ៧ពាន់នាក់ ដោយទទួលបានការពិនិត្យយ៉ាងហ្មត់ចត់ ហើយបងប្អូនប្រជាពលរដ្ឋភាគច្រើន មានជំងឺទូទៅ ដែលជាហេតុតម្រូវឲ្យពួកគាត់ត្រូវចេះថែរក្សាសុខភាព។
កិច្ចសហការជាលើទី៥នេះ រវាងក្រុមគ្រូពេទ្យទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសម៉ាឡេស៊ី មានសេចក្តីសាទរ និងរីករាយជាខ្លាំងដោយបានសហការ រួមនឹងការចែករំលែកបទពិសោធន៍ជាមួយគ្នា ដើម្បីសម្រេចបំណងរួមមួយ គឺធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ដែលជាហេតុធ្វើឲ្យប្រទេសជាតិមានដំណើរសេដ្ឋកិច្ចល្អ។
ការថ្លែងបញ្ជាក់របស់ក្រុមគ្រូពេទ្យរបស់ប្រទេសម៉ាឡេស៊ីនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នាឱកាសក្រុមគ្រូពេទ្យរវាងប្រទេសទាំង២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យអមលាំង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រុមគ្រូពេទ្យបានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ដោយមានសហការជាមួយក្រុមគ្រូពេទ្យចិត្ត របស់កម្ពុជា ជាពិសេសនោះ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក កម្ពុជា ហើយនេះក៏មិនមែនជាលើកដំបូងសម្រាប់ពួកយើងដែរ។
តំណាងក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត អ៊ឹង បានបញ្ជាក់យ៉ាងដូច្នោះថា៖ «ក្នុងរយៈពេលពីរថ្ងៃនេះ ពួកខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែន ដោយឃើញពលរដ្ឋ ជាច្រើនកុះករ ចុះមកទទួលសេវាព្យាបាលជំងឺនេះ ហើយពលរដ្ឋមានភាពរួសរាយលាយឡំ និងស្នាមញញឹមដែលមិនអាចបំភ្លេចបាន។ បន្ថែមលើនេះទៀត ពួកយើងដែលជាក្រុមគ្រូពេទ្យទាំងពីរ បានចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាច្រើនទៀតផងដែរ»។
នៅក្នុងកិច្ចសហការរយៈពេល២ថ្ងៃនេះ របាយការណ៍បានបង្ហាញឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានជំងឺទូទៅច្រើនជាងគេរួមមាន៖ កុមារ៦៧៧នាក់, ជំងឺស្រ្តី៥១០នាក់, ជំងឺផ្លូវចិត្ត១៧៩នាក់, ជំងឺឫសដូងបាត១៥៩នាក់, ជំងឺសន្លាក់ឆ្អឹង១៥៩នាក់, ជំងឺរលាកសួត១៥៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៣៨នាក់, ជំងឺភ្នែក១២៧នាក់, ជំងឺសើរស្បែក២០៧នាក់, ជំងឺទឹកនោមផ្អែ១៧៦នាក់, ជំងឺមាត់ធ្មេញ១៣៤នាក់, អេកូសាស្ត្រ១៣៤ ព្យាបាលរបួសនិងវះកាត់តូច២៣៧ និងជំងឺទូទៅ៤,១២៦នាក់។
ប្រជាពលរដ្ឋក្នុងស្រុកថ្ពង បានសេចក្តីរីករាយជាខ្លាំង ដោយបានឃើញក្រុមគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានសហការគ្នា ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី មកពិនិត្យ និងព្យាបាល ថែមទាំងជូនថ្នាំពេទ្យល្អៗ ដោយមិនគិតថ្លៃទៀត ហើយពួកគាត់ម្នាក់ៗ សុទ្ធតែសម្តែងក្តីរំភើបជាខ្លាំង និងចង់បានការពិនិត្យបែបនេះជាញឺកញាប់ថែមទៀតផង។
លោក សៅ គីម រស់នៅស្រុកអមលាំង ខេត្តកំពង់ស្ពឺលើកឡើងថា ការចុះមកពិនិត្យព្យាបាលពលរដ្ឋដោយឥតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តម៉ាឡេស៊ី និងកម្ពុជា ជាសកម្មភាពមួយល្អមែនទែន សម្រាប់ពលរដ្ឋដែលមានជីវភាពក្រីក្រដូចជារូបខ្ញុំ និងប្រជាពលរដ្ឋមួយចំនួនទៀត ដែលមានជីវភាពស្របាលនឹងខ្ញុំ។
លោក សៅ គីម មានវ័យ៣៤ឆ្នាំ មានជំងឺចុកឆ្អឹងខ្នងលើកឡើងបន្តថា «នេះជាលើកទី១ ដែលខ្ញុំទទួលបានសេវាព្យាបាលបែបនេះ ខ្ញុំពិតជារំភើប ព្រោះកន្លងមកខ្ញុំនិងអ្នកភូមិឯទៀត ត្រូវចំណាយលុយទៅរកពេទ្យឯកជន ឬពេទ្យរដ្ឋនៅឆ្ងាយ ហើយជួនកានគ្មានលុយទៅពេទ្យទៀតផង»។ លោក សៅ គីម ក៏បានស្នើសុំឲ្យសកម្មភាពចុះព្យាបាលជំងឺពលរដ្ឋដោយឥតគិតថ្លៃនេះ កើតមានឡើងឲ្យបានញឹកញាប់បន្តិច ព្រោះបានចូលរួមចំណែកកាត់បន្ថយ ភាពលំបាករបស់ពលរដ្ឋបានច្រើន។
សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៨លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបាន ចំនួន៣០៨,២១២នាក់(សាមសិបម៉ឺន ប្រាំបីពាន់ ពីររយ ដប់ពីរនាក់)។
ឱកាសថ្ងៃបើកឲ្យព្យាបាលជាផ្លូវការលោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានកិត្តិយសរបស់ក្រុមគ្រូពេទ្យស័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវប្រជាពលរដ្ឋ មានការថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជំងឺគ្រប់ប្រភេទ ដែលបានកើតឡើងគេ ជម្រើសទីមួយដើម្បីឲ្យមានសុខភាពល្អនោះ គឺកើតឡើងកត្តាខ្លួនឯងផ្ទាល់។
លោកបន្ថែមថា ក្នុងនាមលោកជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មានការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលា មកព្យាបាលប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ឡើយ។ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ការងារស្ម័គ្រចិត្តនឹងបន្តទៅដោយឥតមានឧបសគ្គឡើយ នេះក៏ដោយសារចង់ឃើញ ប្រជាពលរដ្ឋមានសុខភាពល្អ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕